អន្តរជាតិះ- យន្តហោះចម្បាំងរបស់កងទ័ពអាកាសកូរ៉េខាងត្បូងធុន KF-16 បានច្រឡំដៃទម្លាក់គ្រាប់បែកចំនួន៨គ្រាប់លើទីតាំងពលរដ្ឋរស់នៅ អំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុង Pocheon ស្ថិតនៅជាប់ព្រំដែនកូរ៉េខាងជើង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ១០:០៤នាទីព្រឹក (ម៉ោងនៅកូរ៉េ) ថ្ងៃព្រហស្បតិ៍ទី៦ខែមីនាឆ្នាំ២០២៥ ដោយយន្តហោះបានទម្លាក់គ្រាប់បែកចំនួន៨គ្រាប់ ប៉ុន្តែមានតែមួយគ្រាប់ប៉ុណ្ណោះដែលផ្ទុះ បណ្តាលឲ្យមនុស្ស៧នាក់រងរបូស ដោយក្នុងនោះមាន៤នាក់របួសធ្ងន់ ខណៈ៧គ្រាប់ទៀត ត្រូវក្រុមដោះគ្រាប់បែក ដោះបាន។
– ឥទ្ធិពលនៃគ្រាប់បែកបានបំផ្លាញផ្ទះសម្បែងនិងព្រះវិហារ ហើយ ពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក៏ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្នសិនផងដែរ ដើម្បីសុវត្ថិភាព។
– ភ្លាមៗនោះ កងទ័ពអាកាសកូរ៉េបានចេញសេចក្តីថ្លែងការណ៍ថា «យន្តហោះចម្បាំង KF-16 របស់យើងបានទម្លាក់គ្រាប់បែក MK-82 ចំនួន៨គ្រាប់ទាំងខុសឆ្គង ដោយធ្លាក់នៅខាងក្រៅរង្វង់ទីតាំងសមយុទ្ធ។ យើងកំពុងស៊ើបអង្កេតករណីនេះ ហើយសុំទោសចំពោះការខូចខាតនិងផ្តល់សំណងដល់អ្នកដែលរងផលប៉ះពាល់»។
– សូមបញ្ជាក់ថា តាមពិតទៅសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកឈ្មោះថា Freedom Shield នឹងចាប់ផ្តើមនៅថ្ងៃចន្ទឯណោះទេ ប៉ុន្តែហេតុការណ៍ខាងលើគឺជាផ្នែកមួយនៃការរៀបចំមុនសមយុទ្ធនោះ។
– យោងតាម អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល, សមយុទ្ធរួមគ្នាដែលនឹងដំណើរការរហូតដល់ថ្ងៃទី២០ខែមីនា គឺមានបំណងពង្រឹងការត្រៀមខ្លួនរបស់សម្ព័ន្ធភាពទាំងពីរ សម្រាប់ការគំរាមកំហែងនានាដូចជាប្រទេសកូរ៉េខាងជើងជាដើម។
– សមយុទ្ធឆ្នាំនេះនឹងផ្តោតសំខាន់លើមេរៀនដែលទទួលបានពីជម្លោះប្រដាប់អាវុធថ្មីៗ និងភាពជាដៃគូដែលកាន់តែស្អិតរមួតរវាងកូរ៉េខាងជើងជាមួយរុស្ស៊ី៕
