រាជធានីបាងកក៖ ប្រទេសថៃកំពុងតែបង្ហាញផែនការវិនិយោគចំនួន ១០៦លានដុល្លារលើបច្ចេកវិទ្យាអាកាសចរណ៍ថៃ ដើម្បីពង្រឹងសមត្ថភាពអាកាសចរណ៍ ក្នុងគោលបំណងរលាស់ខ្លួនក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់នៅឆ្នាំ២០៣៧។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្រុមហ៊ុន AEROTHAI បានរាយយការណ៍ថា ការផ្លាស់ប្ដូរដើម្បីធ្វើទំនើបកម្មលើការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅទូទាំងអាកាសយានដ្ឋានសំខាន់ៗនឹងបង្កើនសមត្ថភាពហោះហើរប្រចាំឆ្នាំពី ១,២លានជើងទៅ ២លានជើង។ លោក ណូប៉ាសិត ចាក់ពីតាក់ ប្រធានក្រុមហ៊ុន AEROTHAI បាននិយាយអះអាងថា សមត្ថភាពដែនអាកាសចរណ៍របស់ថៃនឹងត្រូវបានពង្រឹងនៅច្រកទ្វារអន្តរជាតិថ្មីចំនួនបី គឺអាកាសយានដ្ឋាន U-Tapao និងទីក្រុងអាកាសចរណ៍ភាគខាងកើត, អាកាសយានដ្ឋានអន្តរជាតិ Andaman, និងអាកាសយានដ្ឋាន Lanna ដែលគ្រោងនឹងបញ្ចប់នៅចន្លោះឆ្នាំ២០២៩ ដល់ឆ្នាំ២០៣០។

ទឹកប្រាក់ចំនួន 3,៦ពាន់លានបាតរបស់ក្រុមហ៊ុន AEROTHAI នឹងត្រូវបានបែងចែកឱ្យស្មើគ្នានៅទូទាំងទីតាំងអាកាសយានដ្ឋានទាំងបីខាងលើ ដោយអាកាសយានដ្ឋាននីមួយៗទទួលបានប្រហែល ១,២ពាន់លានបាត ដើម្បីសាងសង់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសសម្រាប់ផ្លូវរត់២ និងជើងហោះហើរជាង ១០សែនជើងក្នុងមួយឆ្នាំ។ ការផ្ដល់មូលនិធិនេះនឹងត្រូវបានធានាតាមរយៈប្រាក់កម្ចី ដោយមានការពិភាក្សាជាបន្តបន្ទាប់ជាមួយអ្នកផ្តល់ប្រាក់កម្ចីសក្តានុពលមួយ ឬពីរ។ តាមពិតទៅ ប្រាក់កម្ចីនេះនឹងមិនត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលទេ។

ក្រុមហ៊ុន AEROTHAI កំពុងអនុវត្តប្រព័ន្ធប៉មត្រួតពិនិត្យដែនអាកាសឌីជីថលនៅតាមអាកាសយានដ្ឋាននានាទូទាំងប្រទេសថៃ ស្របតាមស្ដង់ដារអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដើម្បីលុបបំបាត់ចំណុចខ្វះខាត និងបង្កើនសុវត្ថិភាព។ អង់តែនឌីជីថលនឹងត្រូវបានដាក់ឱ្យដំណើរការជា២ដំណាក់កាល ដោយមានអាកាសយានដ្ឋានពេញនិយមដូចជា៖ អាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង ភូកេត ឈៀងម៉ៃ ហាតៃ និងសាមុយ ប្រើប្រាស់ប្រព័ន្ធនេះនៅឆ្នាំ២០២៦៕


