សម្តេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េមកសិក្សាពីប្រព័ន្ធធនធានទឹកនៅកម្ពុជា ដើម្បីធានាឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែតលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) មកសិក្សា ស្វែងយល់ប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

សម្តេចនាយករដ្ឋមន្ត្រី លើកឡើងដូច្នេះក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យុន ស៊ឹកដេ (Yun Seogdae) នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី ។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ដែលបានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នារហូតមក ជាពិសេស ចំពោះវិស័យធនធា​នទឹក។ សម្តេចគូសបញ្ជាក់ថា៖«គោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យមានធនធានទឹកគ្រប់គ្រាន់ ទាំងនៅរដូវវស្សា និងនៅរដូវប្រាំង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួតនៅរដូវប្រាំង»។

ហេតុនេះ សម្តេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការឱ្យជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីវាយតម្លៃ និងសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ជាការឆ្លើយតប លោក យុន ស៊ឹកដេ បានជម្រាបជូនសម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា។​ ទន្ទឹមនោះ លោកក៏បានប្រាប់ពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជាផងដែរ៕

You might like