អន្តរជាតិះ- ក្រោយមានការលើកសំណើជាបន្តបន្ទាប់ពីសំណាក់មេដឹកនាំអឺរ៉ុបជាពិសេសបារាំងនិងអង់គ្លេស ឲ្យបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែននោះ ពេលនេះទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចេញមុខប្រឆាំងយ៉ាងដាច់អហង្ការចំពោះផែនការនេះ ហើយថែមទាំងចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើងហើយ។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាតា, លោក Lavrov បានចង្អុលចំឈ្មោះនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen តែម្តង ដោយនិយាយថា គេកំពុងដុតអ៊ុយក្រែនឲ្យបន្តអរិភាពតាមរយៈការអះអាងថា សន្តិភាពក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺអាក្រក់ជាងសង្គ្រាមទៅទៀត។ វិធីសាស្រ្តរបស់អឺរ៉ុបចំពោះអ៊ុយក្រែនគឺ ព្យាយាមចាក់សាំងលើភ្លើង ទាំងមិនព្រមមើលឫសគល់នៃជម្លោះហើយរកមធ្យោបាយដោះស្រាយ។ ការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន គឺមិនអាចទទួលយកបានដាច់ខាតសម្រាប់រុស្ស៊ី។
– កាលពីសប្តាហ៍មុន មហាអំណាចអឺរ៉ុបបានបង្ហាញនូវផែនការបញ្ជូនទ័ព ៣០០០០នាក់ ទៅអ៊ុយក្រែន ដើម្បីធ្វើជាកងរក្សាសន្តិភាព នៅពេលភាគីជម្លោះ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។
– អង់គ្លេសនិងបារាំង គឺជាប្រទេសចេញមុខចេញមាត់ជាងគេ ដើម្បីប្រកូកប្រកាសឲ្យអឺរ៉ុប បង្កើតសម្ព័ន្ធភាពមួយកែនទ័ពឲ្យបាន ៣០ ០០០នាក់ សម្រាប់បញ្ជូនទៅអ៊ុយក្រែន ព្រោះតែមើលឃើញស្ថានការណ៍ថា ប្រធានាធិបតីអាមេរិក កំពុងដកដៃចេញពីទីក្រុងកៀវ និងបែរជាបន្ទន់ជំហរទៅខាងរុស្ស៊ីទៅវិញ។
– តាមការចុះផ្សាយរបស់កាសែត Guardian, កងទ័ពដែលស្ថិតក្នុងផែនការនេះ គឺនឹងរ៉ាប់រងធានាសន្តិភាពដែនទឹកនិងដែនអាកាស ខ្លាំងជាងជើងគោក ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូង ប្រទេសអ៊ុយក្រែនឡើយ។ កងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុង និងកំពង់ផែសំខាន់ៗ ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរ ផងដែរ ដោយមានជំនួយពីសំណាក់យន្តហោះឈ្លបយកការណ៍។
– សូមជម្រាបថា អឺរ៉ុបបានបង្ហាញផែនការនេះ ស្របពេលសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក កំពុងបែកបាក់ ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងនៅសេតវិមាន។ ទីក្រុងវ៉ាស៊ីនតោន បែរជាងាកទៅរករុស្ស៊ី ធ្វើឲ្យបារាំងនិងអង់គ្លេស មិនពេញចិត្ត រួចក៏ចេញមុខដឹកនាំយុទ្ធនាការជួយអ៊ុយក្រែនតែម្តង៕
