អ៊ីស្រាអែលពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីន២៦២០នាក់ ក្រោយទទួលបានចំណាប់ខ្មាំង៦នាក់ពីក្រុមហាម៉ាស

ហ្សេរុយសាឡឹម៖ អ៊ីស្រាអែលបានរាយការណ៍ថា ខ្លួនកំពុងពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ រហូតទាល់តែក្រុមសកម្មប្រយុទ្ធហាម៉ាសបំពេញលក្ខខណ្ឌរបស់ពួកគេ ដោយបញ្ជាក់ពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា…។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ការិយាល័យនាយករដ្ឋមន្ត្រី ប៊េនចាមីន នេតាន់យ៉ាហ៊ូ បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃអាទិត្យនេះ ដោយលើកឡើងថា អ៊ីស្រាអែលពន្យារពេលបញ្ជូនអ្នកទោស និងអ្នកជាប់ឃុំជនជាតិប៉ាឡេស្ទីន៦២០នាក់ រហូតដល់ការដោះលែងចំណាប់ខ្មាំងបន្ទាប់ត្រូវបានធានាថា នឹងធ្វើឡើងដោយមិនមានការរៀបចំពិធីដ៏គួរឱ្យអាម៉ាស។ សេចក្ដីថ្លែងការណ៍នេះ សំដៅលើការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស កាលពីពេលថ្មីៗ ដែលក្រុមមន្ត្រីអង្គការសហរប្រជាជាតិនិយាយថា ត្រូវបានធ្វើឡើងផ្ទុយទៅនឹងច្បាប់អន្តរជាតិ ដោយសារតែមិនមានការគោរព។ ក្រុមហាម៉ាសបានបញ្ជាឱ្យចំណាប់ខ្មាំងឡើងលើឆាកនៅចំពោះមុខហ្វូងមនុស្ស ហើយជួនកាលបញ្ជាឱ្យពួកគេនិយាយ មុនពេលត្រូវប្រគល់ឱ្យអ៊ីស្រាអែល។ ទន្ទឺមគ្នានោះ មឈូសដាក់សាកសពរបស់ចំណាប់ខ្មាំង ត្រូវបានដង្ហែឆ្លងកាត់ហ្វូងមនុស្សជាច្រើន។

លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ
លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ

ការប្រកាសរបស់អ៊ីស្រាអែល ដែលបានចោទប្រកាន់ក្រុមហាម៉ាសម្ដងហើយម្ដងទៀតថា បានរំលោភលើបទឈប់បាញ់រយៈពេលមួយខែនោះ កើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ប្រគល់ចំណាប់ខ្មាំងចំនួន៦នាក់ពីហ្គាហ្សា ជាផ្នែកមួយនៃការផ្លាស់ប្ដូរដែលរៀបចំនៅក្រោមបទឈប់បាញ់។ ចំណាប់ខ្មាំងទាំង៦នាក់ ដែលត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍ គឺជាឈ្លើយសឹកអ៊ីស្រាអែលដែលនៅរស់ចុងក្រោយគេ ត្រូវបានផ្លាស់ប្ដូរក្នុងដំណាក់កាលដំបូង នៃបទឈប់បាញ់។ សាកសព​ចំណាប់ខ្មាំង​អ៊ីស្រាអែលចំនួន៤នាក់ ​នឹង​ត្រូវ​ដោះលែង​នៅ​សប្តាហ៍​ក្រោយ។ អ្នកនាំពាក្យក្រុម ហាម៉ាស លោក Abdul Latif Al-Qanou បានចោទប្រកាន់អ៊ីស្រាអែលថា រំលោភលើបទឈប់បាញ់ ដោយសារគ្មានការដោះលែងអ្នកទោសប៉ាឡេស្ទីន តាមការគ្រោងទុក។អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកជាញឹកញាប់ អំពីការរំលោភបំពាន ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ប៉ុន្តែរហូតមកដល់ពេលនេះ ការចោទប្រកាន់នៅតែបន្ត។ ឈ្លើយសឹកចំនួន៦៣នាក់ទៀត ត្រូវបានគេជឿថា នៅមានជីវិត នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ហើយនឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងឈប់បាញ់បីដំណាក់កាល ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប៕

You might like