ភ្នំពេញ៖ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»…។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ពិធីបើកពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីចុងឆ្នាំ២០២៤ (រូបតំណាង)
ព្រឹត្តិការណ៍ទាំង២នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន និងមានអមជាមួយនូវការសម្ដែងទស្សនីយភាពសិល្បៈថ្នាក់ជាតិ រួមគ្នារវាងកម្ពុជា-ចិន, ការសម្ដែងក្បាច់គុនល្បុក្កតោកម្ពុជា, និងក្បាច់គុនកុងហ្វូសៅលីញ ព្រមទាំងការបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ និងប្រពៃណីកម្ពុជា-ចិន រួមជាមួយកម្មវិធីសំខាន់ៗមួយចំនួនទៀត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧កុម្ភៈ។ក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សារព័ត៌មានជាតិ-អន្តរជាតិ សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ឱ្យបានទូលំទូលាយ។
ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន កាលពី២០២៤
មន្ត្រីក្រសួងទេសចរណ៍កម្ពុជាគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ក៏ដូចជារួមចំណែកជំរុញការផ្សព្វផ្សាយកិត្យានុភាពកម្ពុជា សិល្បៈវប្បធម៌ដ៏ល្អផូរផង់ សក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។ ព្រឹត្តិការណ៍នេះទៀតសោត ក៏ជាឱកាសក្នុងការផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, ទំនាក់ទំនងពាណិជកម្ម, ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ រួមចំណែកដល់ការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» និងដើម្បីជាការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ផងដែរ៕

