ភ្នំពេញ៖ លោក ទៀ សុខា បានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងទឹក ជំនួសលោក ទៀ វិញ ជាលោកឪពុក។ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដោយទ្រង់បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានតំណែងជាមេបញ្ជាការកងទ័ពជើងទឹកនេះដល់លោក ទៀ សុខា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

មុនឡើងជាមេបញ្ជាការ លោក ទៀ សុខា គឺជាមេបញ្ជាការរងក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹកនេះស្រាប់ទៅហើយ។ ចំណែកលោក ទៀ វិញ ជាលោកឪពុករបស់លោក ទៀ សុខា ត្រូវបានព្រះករុណាត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ ក្រោយចេញពីតំណែងមេបញ្ជាការកងទ័ពជើងទឹក។ ព្រះរាជក្រឹត្យស្តីពីការតែងតាំងលោក ទៀ វិញ ជារដ្ឋលេខាធិការនេះ បានចេញនៅថ្ងៃទី៨កុម្ភៈ តាមការក្រាបបង្គំទូលថ្វាយរបស់ប្រមុខរាជរដ្ឋាភិបាល៕ 
