ភ្នំពេញ៖ បន្ទាប់ពីមួយរយៈចុងក្រោយនេះ អគ្គិភ័យហាក់បានកើតឡើងជាញឹកញាប់លើគេហដ្ឋាន និងទីតាំងផ្សេងៗ ដោយមានទាំងរោងចក្រ-សហគ្រាសផងនោះកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការការពារមួយចំនួន រួមទាំងធ្វើការព្រមានជាថ្មី នឹងចាត់វិធានការផ្លូវច្បាប់ទៅម្ចាស់សហគ្រាសណាដែលធ្វេសប្រហែសធ្វើឱ្យកើតមានអគ្គិភ័យ ហើយមានការបាត់បង់ជីវិតបុគ្គលិក ឬកម្មករ-កម្មការិនី …។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងសេចក្តីណែនាំរបស់ខ្លួន លោក ហេង សួរ បានដាក់ចេញវិធានការទៅកាន់ម្ចាស់រោងចក្រ-សហគ្រាស យ៉ាងដូច្នេះថា៖«ត្រូវរៀបចំឱ្យមានប្រព័ន្ធស្រោចទឹកនៅលើដំបូលអគារផលិតកម្ម ឱ្យបានយ៉ាងហោចណាស់ ២ដង ក្នុង១ថ្ងៃ ឬបន្ថែមសំណាញ់នៅលើដំបូលអគារផលិតកម្ម ដើម្បីកាត់បន្ថយកម្ដៅ»។ មិនមែនមានតែប៉ុណ្ណឹងទេ! លោករដ្ឋមន្រ្តីការងារ នៅមានវិធានការមួយចំនួនទៀត ដើម្បីឱ្យម្ចាស់សហគ្រាស ឬទីតាំងអាជីវកម្មអនុវត្តតាម រួមមាន ត្រូវបង្កើនការត្រួតពិនិត្យរាល់បណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី, វាស់កម្តៅឧបករណ៍ចរន្តអគ្គិសនី, ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ, និងពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចឱ្យបុគ្គលិកជម្លៀសខ្លួនទាន់ពេលវេលា។
មួយវិញទៀត លោក ហេង សួរ ក៏តម្រូវឱ្យម្ចាស់សហគ្រាសអប់រំណែនាំបុគ្គលិកពីរបៀបការពារអគ្គិភ័យ ជម្លៀសខ្លួន ហើយជាពិសេសត្រូវត្រៀមសម្ភារៈដែលអាចប្រើដើម្បីពន្លត់អគ្គិភ័យបាន។ តាមរយៈវិធានការខាងលើនេះ រដ្ឋមន្រ្តីការងារព្រមានថា៖«ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្តីណែនាំ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាមច្បាប់ស្តីពីការងារ និងការផ្តន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់ អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត»។

សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គិភ័យបានលេបត្របាក់ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយឈ្មោះ ហ្វ័រម៉ាត ខេមបូឌាខូអិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រនេះត្រូវបានបំផ្លាញដោយអគ្គិភ័យស្ទើរតែទាំងស្រុង ហើយបានធ្វើឱ្យកម្មករនិយោជិតបម្រើការងារសរុបចំនួន៤៦៦នាក់ បាត់បង់ការងារធ្វើ។ ប៉ុន្តែ អគ្គិភ័យនេះមិនបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសឡើយ។ ដោយឡែក កាលពីថ្មីៗនេះដែរ មានករណីអគ្គិភ័យមួយទៀត គឺឆេះក្លិបកម្សាន្ត មីតណាយព្រីមៀរ ស្ថិតក្នុងសង្កាត់ព្រៃ-ស ខណ្ឌដង្កោ បានធ្វើឱ្យមនុស្សស្លាប់ចំនួន៤នាក់ និងរបួសចំនួន២នាក់៕
