បាត់ដំបង៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងយោធភូមិភាគទី៥ បានចុះបង្រ្កាបបទល្មើសជលផលខុសច្បាប់អស់រយៈពេល៦៥ថ្ងៃ សម្រេចដុតកម្ទេចឧបករណ៍ឆក់ត្រីខុសច្បាប់ចំនួន១៤២គ្រឿង នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ប្រតិបត្តិការបំផ្លាញឧបករណ៍ឆក់ត្រីខុសច្បាប់នេះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥។ តាមទំព័រហ្វេសប៊ុកផ្លូវការកងទ័ពជើងគោកអះអាងថា ឧបករណ៍ឆក់ត្រីទាំងនោះសុទ្ធសឹងតែជារបស់ប្រជាពលរដ្ឋដែលមានការភ្ញាក់រឭក ហើយប្រគល់ជូនកម្លាំងបង្រ្កាបបទល្មើសនេសាទទិសយោធភូមិភាគទី៥នេះ។ លោកបន្ថែមថា ការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់របស់កងទ័ពនាពេលនេះ គឺដើម្បីការពារធនធានធម្មជាតិ ជីវៈចម្រុះ ដែលជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជានេសាទ កំពុងរស់នៅអាស្រ័យផលរាល់ថ្ងៃស្របតាមច្បាប់ជលផលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ទន្ទឹមគ្នានោះ លោកអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទត្រី និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទក្នុងបឹងទន្លេសាប។ សូមរំឭកថា កងកម្លាំងប្រតិបត្តិការរបស់យោធភូមិភាគទី៥ បានចុះបំពេញបេសកកម្មប្រតិបត្តិការចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតមក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ កន្លងមកការបង្រ្កាបបទល្មើសជលផលនេះ សម្រេចបានច្រើនករណី និងដុតបំផ្លាញចោលជាបន្តបន្ទាប់៕


