ភ្នំពេញ៖ – កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃអង្គការស្បៀង និងកសិកម្មរបស់សហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបពិភាក្សានោះ លោក អ៊ឹម ស៊ីថុល រដ្ឋលេខាធិការក្រសួងកសិកម្ម បានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះក្រុមការងារនៃអង្គការស្បៀង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក និងបន្តពង្រឹងការងារនេះបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ដល់ប្រជាកសិករក្នុងវិស័យកសិកម្ម។ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់ក្រុមការងារនៃអង្គការស្បៀងស្វែងរកគម្រោងនានា សំដៅចូលរួមចំណែកក្នុងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម គឺការចងក្រងសហគមន៍កសិកម្មទំនើប ជាដំណោះស្រាយល្អបំផុតសម្រាប់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និងមាននិរន្តរភាព។
– ជាមួយគ្នា លោករដ្ឋលេខាធិការ បានណែនាំក្រុមការងារនៃអង្គការស្បៀងឱ្យផ្តោតលើការងារស្រូវ-អង្ករ ត្រូវជំរុញឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើការកែច្នៃ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពី កម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ជាកម្មវិធីមួយដ៏សំខាន់ក្នុងការកៀរគរ និងស្វែងយល់ពីតម្រូវការអ្នកវិនិយោគមកប្រទេសកម្ពុជា ជាពិសេស អាចជំរុញការនាំចេញកសិផលសក្តានុពលកម្ពុជារួមមាន៖ ស្រូវ-អង្ករ ស្វាយ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ ជាដើម ដែលត្រូវការការចូលរួមគ្រប់ភាគីពាក់ព័ន្ធដើម្បីទទួលបានឱកាសនៃការវិនិយោគពេញលេញតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងជំរុញការនាំចេញបានពិតប្រាកដ៕
