ភ្នំពេញ៖ កាលពីថ្ងៃទី២៨មករា ឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសហាមដាច់ខាតចំពោះគ្រឹះស្ថាននាគារ និងហិរញ្ញវត្ថុ មិនឱ្យយកបណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចជាទ្រព្យធានា ឬការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ..។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ការសម្រេចរបស់ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ធ្វើឡើងកាលពីថ្ងៃទី២៣មករា តាមរយៈការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់ រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចសន្ទនាកម្រិតខ្ពស់នោះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័ស នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នាជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើម ការ-ផ្តួចផ្តើមឱ្យមានដំណើរការពិគ្រោះយោបល់បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈសេចក្តីសម្រេច៦ចំណុចធំៗ គេកត់សម្គាល់ឃើញថា មានចំណុច១ដែលធនាគារជាតិសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពេលផ្តល់ឥណទានហាមដាច់ខាតការយកបណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចជាទ្រព្យធានា និងមិនឱ្យមានការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចពិនិត្យមើលតាមប្រព័ន្ធអនឡាញនូវព័ត៌មានលើបណ្ណកម្មសិទ្ធិ ដែលត្រូវបានចុះបញ្ជីជាបណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច និងដីដែលជាកម្មសិទ្ធិរដ្ឋ ត្រូវបានហាមឃាត់ដោយច្បាប់ក្នុងការប្រើប្រាស់ជាទ្រព្យធានា។ ជាមួយគ្នា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវពង្រឹងការផ្ដល់ឥណទានប្រកបដោយទំនួលខុសត្រូវ លើកកម្ពស់ស្ដង់ដារក្នុងការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយរួមបញ្ចូលទាំងការពង្រឹងការអនុវត្តក្រមប្រតិបត្តិ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃ និងតាមដានសុខដុមនីយកម្មនៃកិច្ចការពារអតិថិជន។

ក្នុងនោះ..ត្រូវមានយន្តការការពារអ្នកប្រើប្រាស់ និងដោះស្រាយបណ្ដឹង ដោយមានគំនិតផ្តួចផ្តើម ដើម្បីពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងពង្រឹងយន្តការដោះស្រាយបណ្តឹងកំពុងត្រូវបានអនុវត្ត។ ជាក់ស្តែង មជ្ឈមណ្ឌលអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ កំពុងត្រូវបានរៀបចំបង្កើតឡើង ដោយសមាគមធនាគាររនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការសិក្សាលើជម្រើសក្នុងការបង្កើតយន្តការប្រឹក្សា និងសន្ធានកម្មបំណុលឯករាជ្យ បន្ថែមពីលើយន្តការដែលកំពុងត្រូវបានអនុវត្តស្រាប់។បន្ថែមពីនេះ យុទ្ធនាការ និងកម្មវិធីលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងការបង្កើនសិទ្ធិរបស់អតិថិជន ក៏ត្រូវបានអនុវត្តដើម្បីផ្តល់ព័ត៌មានដល់ អតិថិជនជាពិសេសអតិថិជនដែលកំពុងជួបភាពតានតឹងពាក់ព័ន្ធនឹងបំណុល៕



