រដ្ឋមន្រ្តីមហាផ្ទៃ អំពាវនាវឱ្យស្រ្តីវ័យក្មេងឆ្លងដែនខុសច្បាប់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ និងក្នុងបណ្ដាញសង្គម អំពីផលវិបាកដ៏អាក្រក់កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់។ លោកថា តាមការកត់សម្គាល់ និងមានបញ្ជាក់ក្នុងរបាយការណ៍ពីមន្រ្តីមានសមត្ថកិច្ចកម្ពុជាផង និងពីស្ថាប័ននៃបរទេស និងអង្គការពាក់ព័ន្ធនានាផង ថ្មីៗនេះនិន្នាការនៃការអូសទាញស្ត្រីវ័យក្មេងឱ្យឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ ដោយបោកប្រាស់ក្រោមលេសនាំទៅធ្វើការងារល្អ ឬនាំទៅរកស្វាមីដែលបានថ្លៃបណ្តាការច្រើន កំពុងមានការកើនឡើងគួរឱ្យបារម្ភ…។

លោកឧបនាយករដ្ឋមន្រ្តីស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស  
លោកឧបនាយករដ្ឋមន្រ្តីស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស  

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«សម្រាប់កម្ពុជាយើង បញ្ហានេះបាននិងកំពុងចោទឡើងដែរ ពីព្រោះមួយរយៈចុងក្រោយនេះ ពួកមេខ្យល់បានព្យាយាមនិយាយលួងលោមអូសទាញស្ត្រីខ្មែរ ក្នុងនោះក៏មានយុវតី ឱ្យឆ្លងដែនទៅប្រទេសទី២ និងបន្តទៅប្រទេសទី៣ ទាំងតាមផ្លូវគោកដោយឆ្លងវាលកាត់ព្រៃ និងតាមផ្លូវអាកាសក្រោមរូបភាពបន្លំទៅដើរលេងកម្សាន្តជាដើម។ គេសន្យានាំទៅធ្វើការងារល្អ បានប្រាក់ខែច្រើន តែយកទៅលក់ឱ្យធ្វើជាទាសករ ឬសន្យានាំទៅរកស្វាមីជនជាតិនេះ ឬជនជាតិនោះ ទីបំផុតក្លាយជាស្ត្រីកំដរប្ដីងប់តណ្ហា ឬទទួលការដាក់កំហិតត្រូវតែមានកូនឱ្យគ្រួសារគេ បើមិនចង់ត្រូវគេលក់បន្ត ឬពេលខ្លះបង្កើតបានកូនមកហើយ ក៏ត្រូវប្ដី ឬគ្រួសារគេពង្រាត់ចេញ ដោយលក់បន្តឱ្យទៅប្រុសផ្សេង»។

                                            រូបតំណាង
                                            រូបតំណាង

បើតាមលោក ស សុខា មិនថាប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនោះឡើយ ពួកឧក្រិដ្ឋជន បានប្រើប្រាស់គ្រប់វិធីសាស្ដ្រដើម្បីអូសទាញស្ត្រីវ័យក្មេង ដោយវិធីសាស្ដ្រនោះកាន់តែមានភាពបត់បែន និងស្មុគស្មាញ។ ដូច្នេះ ទន្ទឹមនឹងការខិតខំប្រឹងប្រែងមួយចំណែកពីរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច លោក ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋ បើជាសាមីខ្លួន ត្រូវចេះសួរនាំព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួន មុននឹងសម្រេចចិត្ត និងត្រូវចងចាំថា ការឆ្លងដែនខុសច្បាប់ មិនត្រឹមតែត្រូវប្រឈមនឹងការចាប់ខ្លួនពីអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែវាជាតម្រុយនៃការនាំទៅចូលអន្ទាក់នៃអំពើជួញដូរមនុស្ស។

បើជាឪពុកម្ដាយ ឬអាណាព្យាបាល សូមអប់រំណែនាំជាប្រចាំដល់កូនចៅខ្លួន បើជាព្រះសង្ឃ ឬមេដឹកនាំសាសនានានា សូមជួយទេសនាអប់រំបរិស័ទគ្រប់កម្មវិធី បើជាគ្រូបង្រៀន សូមពន្យល់ណែនាំជារឿយៗដល់សិស្សានុសិស្ស បើជាអាជ្ញាធរ សូមផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋ បើជាប្រធានក្រុមហ៊ុន ថៅកែរោងចក្រ សហគ្រាស អាហារដ្ឋាន កន្លែងកម្សាន…។ល។ សូមជួយផ្សព្វផ្សាយដល់បុគ្គលិកខ្លួនឱ្យបានញឹកញាប់ ដើម្បីប្រឆាំងអំពើជួញដូរមនុស្ស ជាមួយមនុស្សជាតិលើពិភពលោក៕

You might like