មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជាបានដោះគ្រាប់មីនតោនបានជាង៥០​ នៅឧត្តរមានជ័យ​

ក្រុងសំរោង៖​ មន្ត្រីជំនាញនៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) ​បានបិទបញ្ចប់កិច្ចប្រតិបត្តិការបោសសម្អាត​ និងដោះបន្សាបគ្រាប់មីនតោនបាន៥៥គ្រាប់ ក្នុងរណ្តៅ២ កាលពីថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២៥​ ស្ថិតនៅក្នុងភូមិ អូរពក ឃុំ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ​…។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn


លោក​​ ហេង រតនា ​អគ្គនាយកស៊ីម៉ាក់ ​បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ​​របស់លោកថា​ កម្លាំងជំនាញអង្គភាពសុីម៉ាក់​ គ្រាប់មីនតោនទាំង៥៥ ដែលត្រូវបានបោសសម្អាតនោះ ​មាន២ប្រភេទ រួមមាន៖​​ ប្រភេទ​​ TM46 និងប្រភេទ TMN ដែលសល់ពីសង្គ្រាម​​។ ​ទីតាំងដែលមានគ្រាប់មីនតោន និងត្រូវបានបោសសម្អាតហើយនោះ​ កំពុងស្ថិតក្នុងដំណើរការសាងសង់សំណង់ស្តុកទឹកសម្រាប់បម្រើតម្រូវការទឹកប្រើប្រាស់នៅតំបន់អូរស្មាច់ (ព្រំដែនកម្ពុជា-ថៃ)។​ ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុគ្រោះថ្នាក់ណាមួយដោយសារគ្រាប់មីន​​​ និងសំណល់យុទ្ធភណ្ឌសង្គ្រាម​ លោកអគ្គនាយក​ស៊ីម៉ាក់ បានផ្តល់យោបល់ថា​​​ រាល់ការអភិវឌ្ឍប្រេីប្រាស់ដីក្នុងតំបន់អតីតៈសមរភូមិ​នានា​ក្នុងកម្ពុជា គប្បីគិតគូរដល់សុខសុវត្ថិភាពការងារ​ជាចម្បងផងដែរ។

សូមជម្រាបថា​ តាមរបាយការណ៍ក្នុងឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់បានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម លើផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសរុបបានចំនួន១២៥៦ចម្ការ ស្មើនឹងជិត​២០០គីឡូម៉ែត្រការ៉េ។ ស៊ីម៉ាក់បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជិត១សែនគ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សជាង១,៦ម៉ឺនគ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១៥៧គ្រាប់ មីនកែច្នៃចំនួន៤គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង៧,៥ម៉ឺនគ្រាប់ រួមមានគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់បែកចង្កោម។ ក្រៅពីនោះក៏មានប្រតិបត្តិការក្រោមទឹកផងដែរ ដោយសម្រេចបានលើផ្ទៃទឹក៤២០០ម៉ែត្រការ៉េ៕

You might like