តសៀមរាប៖ មន្ត្រីជំនាញផ្នែកអភិរក្សប្រាសាទបុរាណ្យនិង អាជ្ញាធរជាតិអប្សរា តែងត្រូវឡើងកាត់សម្អាតស្មៅ ឬរុក្ខជាតិដែលមានដុះលូតលាស់លើប្រាង្គប្រាសាទ ទោះបីដំណើរការនោះត្រូវប្រឈមនឹងការលំបាកជាច្រើន។ យ៉ាងណា ការសម្អាតប្រាសាទខ្ពស់ៗដែលមិនអាចប្រើរន្ទារឡើងដល់ គឺចាំបាច់ណាស់ត្រូវការអ្នកជំនាញបោះខ្សែតោងឡើង..។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

មន្ត្រីបម្រើការក្នុងក្រុមព្រៃមន្ទីរនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ លោក ដម ដេង ដែលចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១ បានឱ្យដឹងថា ជាទូទៅខ្សែដែលគេប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន៥ប្រភេទ។ ខ្សែទាំងនោះរួមមាន៖ ខ្សែសរសៃមីសួរ មានចងភ្ជាប់ដោយដុំសំណរប្រើសម្រាប់បោះរំលងប្រាសាទ, ខ្សែនីឡុងចងគោតូច, ខ្សែនីឡុងចងគោធំ, ខ្សែពួរកន្ទុយកណ្តុរតូច និងខ្សែពួរកន្ទុយកណ្តុរធំ។ លោកអះអាងថា ក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទក្នុងរមណីយដ្ឋាន លោកមានភាពស្ទាត់ជំនាញខាងបោះខ្សែ រំលងប្រាសាទដែលមានកម្ពស់ជាង២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារឡើងដោយតោងតាមខ្សែ ទៅសម្អាតរុក្ខជាតិ និងស្មៅដុះនៅតាមរួតនីមួយៗ នៃកំពូលប្រាសាទឥដ្ឋនានារបស់រមណីយដ្ឋានអង្គរ។

បុរសវ័យ៦៣ឆ្នាំ ដែលមានបទពិសោធយ៉ាងក្រាស់ក្រែលនេះពន្យល់ថា ជាដំបូងលោកបោះខ្សែទី១ រំលងប្រាសាទពីម្ខាងទៅម្ខាង បន្ទាប់មកភ្ជាប់ខ្សែទី១ និងទី២ រហូតដល់ខ្សែទី៥ ដែលមានទំហំធំអាចឱ្យក្រុមការងារតោងឡើងតាមខ្សែពួរនោះ បានដោយរលូន និងសុវត្ថិភាព។ លោកបញ្ជាក់ថា ការបោះខ្សែពួរនោះទៀតសោត ក៏ត្រូវពិនិត្យមើលពីស្ថានភាពឥដ្ឋ ប្រាសាទដែលមានភាពរឹងមាំ មិនមានស្ថានភាពពុកផុយចៀសវាងទាក់ ឬដាច់ខ្សែហើយបោះទៅតាមទិសខ្យល់ ដើម្បីបោះទៅឱ្យត្រូវគន្លងដែលចង់បាន។ ករណីបរិយាកាសស្ងប់ខ្យល់ គឺបោះតែមួយដងអាចចំគោលដៅ។

ហាក់មិនខុសគ្នា លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាតរុក្ខជាតិនៅតាមប្រាសាទ រៀមរាប់ថា ការងារសម្អាតរុក្ខជាតិតាមប្រាសាទពិតជាត្រូវការអ្នកជំនាញខាងបោះខ្សែជាចាំបាច់ ព្រោះថា តួប្រាសាទឥដ្ឋមួយចំនួនក្នុងរមណីយដ្ឋានអង្គរ មានកម្ពស់ខ្ពស់ៗ ខ្លះជាង២០ម៉ែត្រ ដែលមិនអាចឱ្យប្រើរន្ទារឡើងបានទេ។ អ្នកគ្រប់គ្រងដដែល បញ្ជាក់ទៀតថា ប្រាសាទដែលត្រូវបោះខ្សែក្នុងពេលឡើងសម្អាតមានដូចជា៖ ប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ប្រាសាទបក្សីចាំក្រុង និងប្រាសាទក្នុងតំបន់រលួស។ ដោយឡែក ចំពោះប្រាសាទឥដ្ឋ ដែលពិបាកបោះខ្សែ ដើម្បីឡើងទៅសម្អាតមាន ប្រាសាទប្រែរូប និងប្រាសាទមេបុណ្យខាងកើត ដោយសារតែកំពូលប្រាសាទនោះធ្វើពីឥដ្ឋមានភាពរលុះ បាក់បែក ពេលបោះទៅខ្សែអាចកៀបនៅតាមកន្លៀតឥដ្ឋ ដែលនឹងអាចដាច់ខ្សែទៀតផង៕






