ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ! មិនដកដៃក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង, បញ្ជាកម្លាំងជំនាញបន្ដពង្រឹងវិធានការម៉ឺងមាត់ រួមជាមួយការផ្សព្វផ្សាយអប់រំ

ភ្នំពេញ៖ – លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការបន្ដអនុវត្តនូវបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ក្រាបករណីក្មេងទំនើង ដែលនៅតែគឃ្លើនមិន ហើយប្រព្រឹត្តអំពើល្មើសច្បាប់។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៥នេះ លោកបានដាក់បទបញ្ជា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបន្ដប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះដោយមិនដកដៃឡើយ ព្រោះសមត្ថកិច្ចមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមក្មេងទំនើងនេះ បន្ដប្រព្រឹត្តសកម្មភាពល្មើសច្បាប់កាប់ចាក់ បង្កហិង្សា និងឈានទៅប្រព្រឹត្តអំពើមនុស្សឃាតជាដើម។

– ក្នុងកិច្ចសម្ភាសនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា យន្ដការថ្មីដែលលោកបានដាក់ចេញ គឺបង្កើតក្រុមការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង មានស្នងការរងទទួលផែនព្រហ្មទណ្ឌជាប្រធាន ហើយលោកតាមដានដឹកនាំបញ្ជាផ្ទាល់ជាប្រចាំ។ លើសពីនេះ លោកឧត្តមសេនីយ៍ឯក បានណែនាំឲ្យសមត្ថកិច្ច ត្រូវចុះរដ្ឋបាលជំនាញតាមមូលដ្ឋាន ក្នុងករណីសង្ស័យគឺត្រូវតែចាត់វិធានការភ្លាមៗ ទោះក្រុមក្មេងទំនើងនោះមិនទាន់ប្រព្រឹត្តសកម្មភាពក៏ដោយ។

– លោកឧត្តមសេនីយ៍ឯក ស្នងការ​ បានឲ្យដឹងថា ក្នុងរយៈពេល២០ថ្ងៃ នៃខែមករា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបករណីក្មេងទំនើង ចំនួន៩ករណី ឃាត់ខ្លួនមនុស្ស៣៨នាក់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះរួមមាន ក្មេងទំនើងដែលបានធ្វើសកម្មភាពប្លន់១ករណី មនុស្ស៨នាក់, ក្មេងទំនើងបង្កហិង្សាដោយចេតនា ៧ករណី មនុស្ស២១នាក់ និងក្មេងទំនើងកាប់បំផ្លាញម៉ូតូ ១ករណី មនុស្ស៥នាក់។

– លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា យន្ដការចេញដែលឯកឧត្តមបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើង ក្នុងនោះរួមមាន ទី១៖ យន្ដការផ្សព្វផ្សាយអប់រំ, ទី២៖ យន្ដការស្រាវជ្រាវស៉ើបអង្កេត និងបង្ក្រាបករណីសេសសល់ និងទី៣៖ យន្ដការរឹតបន្ដឹង និងអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ លោកឧត្តមសេនីយ៍ឯក ក៏បានបង្ហាញនូវការយល់ឃើញថា មូលហេតុចម្បងចំនួន៣ ដែលនាំឲ្យក្រុមយុវជនទាំងនោះ ដើរផ្លូវខុសច ទី១៖ ភ្លើតភ្លើនតាមគ្នា, ទី២៖ ខ្វះការអប់រំ, ទី៣៖ ធ្វេសប្រហែសរបស់អាណាព្យាបាល។

– ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើសុំកិច្ចសហការជាមួយឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ដើម្បីឲ្យជួយផ្ដល់ព័ត៌មាន ឬរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងករណីមានសង្ស័យណាមួយពាក់ព័ន្ធសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន។ លោកឧត្តមសេនីយ៍ឯក អះអាងថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

– ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅកាន់ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ចូលរួមសង្កេតមើលសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន និងផ្ដល់ព័ត៌មានទៅកាន់អធិការខណ្ឌ ឬមួយអភិបាលខណ្ឌក្នុងមូលដ្ឋាន ប្រសិនបើមានករណីសង្ស័យណាមួយ។ លោកឧត្តមសេនីយ៍ឯក បន្តថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕

 

 

You might like