អន្តរជាតិះ- បញ្ហាខ្យល់ពុលនៅថៃ កាន់តែអាក្រក់ទៅៗហើយ ដល់ថ្នាក់រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឲ្យប្រជាជនធ្វើការពីផ្ទះ ហើយទីក្រុងបាងកក ត្រូវបង្ខំចិត្តបិទសាលារៀនមួយចំនួនទៀតផង។
– តាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, រដ្ឋមន្ត្រីសុខាភិបាលថៃលោក Somsak Thepsutin បានជំរុញឲ្យប្រជាជនធ្វើការពីផ្ទះចាប់ពីសប្តាហ៍ក្រោយទៅ ព្រោះថាបច្ចុប្បន្ន គុណភាពខ្យល់ បានឈានដល់កម្រិតគ្រោះថ្នាក់សឹងតែគ្រប់ខេត្តទៅហើយ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យ៉ាងណា លោកបញ្ជាក់ថា ក្រសួងនឹងកោះប្រជុំសិនដើម្បីពិភាក្សាគ្នា ប៉ុន្តែសង្ឃឹមថា នឹងរកបានដំណោះស្រាយ ហើយក៏មានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដែរ។
– សាលាចំនួន២ក្នុងទីក្រុងបាងកក បានប្រកាសបិទជាបណ្តោះអាសន្ន ធ្វើឲ្យប៉ះពាល់ដល់សិស្សសរុប៣ ៣០៣នាក់ ខណៈសាលាចំនួន៤ទៀត ប្តូរទៅរៀនតាមអនឡាញវិញ ចាំដល់ស្ថានភាពធូរស្រាលសិន ចាំបើកសាលាវិញ។
– សេចក្តីប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (Gistda) បញ្ជាក់ថា សឹងតែមួយប្រទេសថៃទៅហើយ ដែលត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ ហើយក្នុងនោះមាន២៨ខេត្ត ដែលឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។
– តាមការកំណត់របស់រដ្ឋាភិបាលថៃ កម្រិតស្តង់ដាសុវត្ថិភាពនៃ PM2.5 គឺមានត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ ប៉ុន្តែកម្រិតខ្យល់ពុលដ៏គ្រោះថ្នាក់បំផុត ត្រូវបានគេកត់ត្រានៅក្នុងខេត្ត Samut Sakhon ដែល PM2.5 បានឈានដល់ ១៣៣.១មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ឯណោះ។
– បន្ទាប់ពី Samut Sakhon, ខេត្តដែល PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ទាប់ទៀតមានដូចជា Nakhon Pathom (១១៥.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់), Sing Buri (១០៧.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់) និង Ang Thong (៩៨.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់)៕

