សៀមរាប៖ ស្ពានប្រាប់ទិស ឬស្ពានបុរាណកំពង់ក្ដី ជាស្ពានបុរាណវែងជាងគេ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅតែជាទីចាប់អារម្មណ៍របស់អ្នកទេសចរជាតិ-អន្តរជាតិ ព្រោះតែសំណង់គ្រឹះស្ពានបុរាណដ៏លេចធ្លោមួយនេះ នៅតែឈរយ៉ាងរឹងមាំរឹងមាំបង្អួតភ្នែកអ្នកទេសចរឱ្យគយគន់មិនចេះជិនណាយ…។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

មានចម្ងាយផ្លូវប្រហែលជាង៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងមានចម្ងាយផ្លូវជាង២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ពេលធ្វើដំណើរទៅដល់ទីប្រជុំជនស្រុកជីក្រែង អ្នកទេសចរនឹងទៅដល់ទីតាំងមួយដែលមានឈ្មោះល្បីល្បាញខ្លាំង តាមរយៈស្ពានបុរាណមួយ ដែលត្រូវបានសាងសង់នៅសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ មានឈ្មោះថា ស្ពានប្រាប់ទិស ឬស្ពានបុរាណកំពង់ក្ដី។ ស្ពានមួយនេះ ក៏ត្រូវបានអ្នកភូមិស្រុកក្នុងតំបន់នោះ ហៅមួយបែបទៀតថា«ស្ពាននាគ»។ ការហៅស្ពាននាគ នេះ ក៏ព្រោះតែបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ ឃើញបង្កាន់ដៃស្ពានមានរូបស្តេចនាគចំនួន៤ ដេកលើបណ្តោយតួស្ពានក្នុងទិសដៅពីជើងទៅត្បូង ដោយកន្ទុយតជាប់គ្នានៅចំកណ្តាលស្ពាន ឯក្បាលនាគទាំង៩ បានបើកពពារយ៉ាងអង់អាច។ អ្នកសិក្សាស្រាវជ្រាវបុរាណវិទ្យាខ្មែរបានកត់ត្រាថា ជាស្ពានបុរាណមួយដែលវែងជាងគេក្នុងចំណោមស្ពានស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ រាប់ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំចុះមក។

បើតាមអ្នកស្រាវជ្រាវ ស្ពានបុរាណកំពង់ក្ដីនេះ មានបណ្ដោយ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់១១ម៉ែត្រ(វាស់ចាប់ពីបាតស្ទឹង) មានសសរចំនួន២០ និងរន្ធត្រដេវចំនួន២១ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)។ ស្ពានបុរាណនេះ សាងសង់ពីថ្មបាយក្រៀម មានលម្អដោយបង្កាន់ដៃនាគ និងថ្មគោលចំនួន៤សុទ្ធសឹងធ្វើអំពីថ្មភក់ ខណៈសិល្បៈចម្លាក់វិញត្រូវបានគេដឹងថា ស្ថិតក្នុងរចនាប័ទ្មក្នុងសម័យបាយ័ន។ បើតាមការឱ្យដឹងពីអ្នកលក់វត្ថុអនុស្សាវរីយ៍ជាប់នឹងទីតាំងស្ពានបុរាណ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃមានអ្នកទេសចរជាតិ-អន្តរជាតិមិនក្រោមពី១៥០នាក់ឡើយ ដែលបានធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប ឬមកពីខេត្តសៀមរាបឆ្ពោះទៅរាជធានីភ្នំពេញវិញ ឆ្លងកាត់ស្ពានបុរាណកំពង់ក្ដី ហើយបានចូលមកទស្សនាសំណង់គ្រឹះដ៏រឹងមាំរបស់ស្ពាន ជាពិសេសការថតរូបភាពជាមួយរូបនាគ និងខ្លះបន់ស្រន់តាមជំនឿរបស់ខ្លួនផ្សេងៗ ធ្វើឱ្យទីតាំងមួយនេះមានភ្ញៀវមកទស្សនាកម្សាន្តមិនដែលដាច់ឡើយ។

គួរបញ្ជាក់ផងដែរថា ស្ពានប្រាប់ទិស ឬស្ពានបុរាណកំពង់ក្ដី ត្រូវអាជ្ញាធរខេត្តសៀមរាបមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទបើបរឆ្លងកាត់លើស្ពានបន្តទៀតឡើយ ទោះបីសំណង់ស្ពានបុរាណមួយនេះនៅតែមានភាពរឹងមាំក៏ដោយ ប៉ុន្តែសម្រាប់អ្នកធ្វើដំណើរដោយទោចក្រយានយន្ត កង់ ទោចក្រយានយន្តសណ្តោង ឬត្រីចក្រយានយន្ត អាចជិះធ្វើដំណើរឆ្លងកាត់ស្ពានបុរាណនេះបាន ខណៈពលរដ្ឋដែលបានអញ្ជើញទៅទស្សនាស្ពានថ្មបុរាណ ម្នាក់ៗតែងកោតសរសើរអំពីស្នាដៃបុព្វបុរសខ្មែរជំនាន់មុន ថាពិតជាខ្លាំង ដែលអាចកសាងស្ពានមានអាយុកាលរាប់ពាន់ឆ្នាំ ហើយអាចបន្តគង់វង្សដល់កូនចៅខ្មែរជំនាន់ក្រោយបានប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្នទៀត គឺពិតជាមានទេពកោសល្យខ្ពស់ណាស់លើវិស័យស្ថាបត្យកម្មសំណង់សម័យបុរាណ..៕










