ប៉េកាំង៖ ក្រុមហ៊ុនស្មាតហ្វូន Apple ដែលជារបស់ប្រទេសអាមេរិក ត្រូវបានក្រុមហ៊ុនស្រាវជ្រាវ Canalys បានបង្ហាញថា មានការធ្លាក់ចេញពីតំណែងជាអ្នកលក់ស្មាតហ្វូនធំបំផុតរបស់ចិនក្នុងឆ្នាំ២០២៤មកម្លេះ ដោយគូប្រជែងក្នុងស្រុក Vivo និង Huawei បានវ៉ាដាច់ក្រុមហ៊ុនអាមេរិកនេះ បន្ទាប់ពីការលក់ប្រចាំឆ្នាំរបស់ខ្លួននៅក្នុងប្រទេសនេះ បានធ្លាក់ចុះ១៧ ភាគរយ។
វាគឺជាការធ្លាក់ចុះនៃការលក់ប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់ Apple នៅក្នុងប្រទេសចិន ដោយធ្លាក់ចុះ៤ត្រីមាសជាប់គ្នា រួមទាំងការធ្លាក់ចុះ២៥ភាគរយនៅក្នុងត្រីមាសចុងក្រោយ។ នេះបើយោងតាមទិន្នន័យ។ អស់រយៈពេលពេញមួយឆ្នាំ ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុករបស់ចិន Vivo បានដណ្តើមយកចំណែកទីផ្សារ១៧ភាគរយ តាមពីក្រោយដោយគូប្រជែងស្វិតស្វាញ Huawei មាន១៦ភាគរយ ខណៈពេល Apple មាន១៥ភាគរយ។ ការណ៍នេះ បង្ហាញពីការកើនឡើងនូវសម្ពាធពីក្រុមហ៊ុនផលិតក្នុងទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ការធ្លាក់ចុះនេះ ក៏ចង្អុលបង្ហាញពីរបៀបដែលកត្តាដូចជាអវត្តមាននៃសមត្ថភាពបញ្ញាសិប្បនិមិត្តនៅក្នុងទូរសព្ទ iPhone ចុងក្រោយបំផុតដែលបានលក់នៅក្នុងប្រទេសចិន ធ្វើឱ្យពួកគេពិបាកប្រជែងជាមួយក្រុមហ៊ុនផ្សេង។ លោក តូប៊ី ជូ (Toby Zhu) អ្នកវិភាគ Canalys បានលើកឡើងថា៖«នេះគឺជាលទ្ធផលប្រចាំឆ្នាំដ៏អាក្រក់បំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន។ ទីផ្សាររបស់ Apple ប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា៖ ការចេញលក់ស្មាតហ្វូនស៊េរីទំនើបជាបន្តបន្ទាប់របស់ក្រុមហ៊ុន Huawei ការរីកសាយនៃទូរសព្ទដែលអាចបត់បានក្នុងស្រុក និងម៉ាក Android ដូចជា Xiaomi និង Vivo ទាក់ទាញអ្នកប្រើប្រាស់តាមរយៈការច្នៃប្រឌិតខ្ពស់»។
ក្រុមហ៊ុន Apple ធ្លាប់ទទួលបានកំណើនជាប់គ្នារយៈពេល៤ឆ្នាំ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើក្រុមហ៊ុន Huawei ក្នុងឆ្នាំ២០១៩ ដោយដាក់កម្រិតលើការចូលប្រើប្រាស់បច្ចេកវិទ្យារបស់អាម៉េរិក។ ប៉ុន្តែក្រុមហ៊ុន Huawei បានត្រលប់មកវិញយ៉ាងខ្លាំង ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ នៅពេលក្រុមហ៊ុននេះចាប់ផ្តើមផលិតទូរសព្ទថ្មីជាមួយបន្ទះឈីបដែលផលិតក្នុងស្រុក។ ក្រុមហ៊ុនចិន បានប្រកាសពីការលក់កើនឡើង២៤ភាគរយនៅក្នុងត្រីមាសទី៤។ ក្រោយប្រឈមការធ្លាក់ចុះនៃការលក់ ក្រុមហ៊ុនផលិត iPhone បានងាកទៅរកការបញ្ចុះតម្លៃដ៏កម្រ ដើម្បីជំរុញការលក់វិញ។
ក្រុមហ៊ុនបានលក់បញ្ចុះតម្លៃរយៈពេល៤ថ្ងៃនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ដោយផ្ដល់ជូននូវការបញ្ចុះតម្លៃរហូតដល់៦៨,៥០ដុល្លារអាម៉េរិក លើម៉ូដែល iPhone 16។ ក្នុងចំណោមក្រុមហ៊ុនលក់ដាច់កំពូលទាំង៥ ក្រុមហ៊ុន Xiaomi បានបង្ហាញពីកំណើនខ្លាំងបំផុតជាមួយនឹងការកើនឡើង២៩ភាគរយ នៅក្នុងការលក់នៅត្រីមាសទី៤ ខណៈដែល Oppo និង Vivo បានកត់ត្រាការកើនឡើង១៨ភាគរយ និង១៤ភាគរយរៀងគ្នា។ នេះបើយោងតាមទិន្នន័យរបស់ Canalys។ ការលក់ស្មាតហ្វូនប្រចាំឆ្នាំនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៤ បានកើនឡើង៤ភាគរយពីឆ្នាំមុនដល់ចំនួន២៨៥លានគ្រឿង៕

