ឋធានីប៉េកាំង៖ ក្រសួងទេសចរណ៍របស់ប្រទេសចិន បានប្រកាសពីការចាប់ផ្តើមរៀបចំឡើងវិញនូវដំណើរទេសចរណ៍ទៅកាន់កោះតៃវ៉ាន់ពីខេត្តសៀងហៃ និងហ្វូជៀន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេ ខណៈក្រុងតៃប៉ិអះអាងថា ខ្លួនស្វាគមន៍ចំពោះដំណឹងនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ការបន្តដំណើរទេសចរណ៍ជាក្រុមពីទីក្រុងសៀងហៃ ក៏ដូចជាពីខេត្តហ្វូជៀន នឹងកើតឡើងក្នុងពេលឆាប់ៗ។ យ៉ាងណា ក្រសួងមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការបន្តការធ្វើដំណើរឡើងវិញនោះទេ។ ក្រសួងដដែលបានបញ្ជាក់ថា នេះត្រូវបានធ្វើក្នុងគោលបំណងដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពប្រក្រតីនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងលើកកម្ពស់ផលប្រយោជន៍ និងសុខុមាលភាពរបស់ជនរួមជាតិនៅលើភាគីទាំងពីរនៃច្រកសមុទ្ទ។
ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ បានស្វាគមន៍ភ្ញៀវទេសចរចិនមកកាន់កោះនេះ ហើយបានជំរុញឱ្យរដ្ឋធានីប៉េកាំងរៀបចំព័ត៌មានលម្អិតតាមរយៈបណ្តាញឆ្លងកាត់ច្រកសមុទ្ទ ដែលមានស្រាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុងតៃប៉ិកាលពីឆ្នាំមុនបានបង្កើនការព្រមានអំពីការធ្វើដំណើររបស់ខ្លួនសម្រាប់ប្រទេសចិន ដោយប្រាប់ពលរដ្ឋរបស់ខ្លួនកុំឱ្យទៅចិនដីគោក លុះត្រាណាតែមានការចាំបាច់ បន្ទាប់ពីការគំរាមកំហែងពីរដ្ឋធានីប៉េកាំងឱ្យប្រហារជីវិតអ្នកគាំទ្រឯករាជ្យតៃវ៉ាន់។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានជំរុញឱ្យក្រុងតៃប៉ិលុបចោលការព្រមានអំពីការធ្វើដំណើរ និងចាប់ផ្តើមឡើងវិញទាំងស្រុងនូវរាល់តំណភ្ជាប់ធ្វើដំណើរដោយផ្ទាល់ឆ្លងកាត់ច្រកសមុទ្ទ។
ចិន និងតៃវ៉ាន់ បានជជែកគ្នាតាំងពីចុងបញ្ចប់នៃកូវីដ-១៩ អំពីពេលវេលា និងរបៀបដែលអ្នកទេសចរចិនអាចបន្តទៅលេងកោះនេះ។ ភាគីទាំងពីរបានស្តីបន្ទោសភាគីគ្នាទៅវិញទៅមក ជុំវិញការមិនបន្តការធ្វើដំណើរឡើងវិញទាំងស្រុង ដោយបន្ថែមភាពតានតឹងដែលមានស្រាប់រវាងរដ្ឋធានីប៉េកាំង និងតៃប៉ិ។ នៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មីរបស់ខ្លួន ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ជីងតេ បានអះអាងថា លោកស្វាគមន៍ការផ្លាស់ប្ដូរជាមួយប្រទេសចិន ប៉ុន្តែឆ្ងល់ថា តើនឹងមានការឆ្លើយតបវិជ្ជមានពីរដ្ឋធានីប៉េកាំងដែរឬយ៉ាងណា? ដោយសារការរារាំងមានសូម្បីតែរឿងៗសាមញ្ញៗបំផុត ដូចជាទេសចរណ៍ជាដើម៕

