បន្ទាយមានជ័យ៖ ទីលានដាក់សំរាមក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៧មករា ឆ្នាំ២០២៥ នេះតទៅ ក្រោយពីចំណាយពេលវេលា សាងសង់អស់រយៈពេលជាង១០ខែរួចមកនេះ…។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ថ្លែងក្នុងពិធីសម្ពោធទីលានទុកដាក់សំរាម លោក លី វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទីលានដាក់សំរាមនេះ បានសាងសង់ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាគម្រោងកែលម្ល គ្រប់គ្រង បរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ហើយបានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណជាង៦លាន៥សែនដុល្លារ។ ទីលានមានទីតាំងស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលទ្ធភាពអាចផ្ទុកសំរាមបានជាង៤០ម៉ឺនតោន ជូនពលរដ្ឋជាង១២ម៉ឺននាក់ ក្នុងសង្កាត់ចំនួន៧ រួមមាន សង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងសង្កាត់កោះពងសត្វ។
ក្នុងនោះ សំរាមដែលប៉ានប្រមាណថា អាចផ្ទុកបានជាង៤០ម៉ឺនតោន នឹងបែងចែកទៅផ្ទុកក្នុងរណ្តៅចំនួន៣ផ្សេងៗគ្នា ដោយរណ្តៅទី១ និងទី២ អាចផ្ទុកបានត្រឹមជាង១៣ម៉ឺនតោន ប៉ុន្តែរណ្តៅទី៣ ជារណ្តៅបម្រុងអាចផ្ទុកបានរហូតដល់ជាង២៧ម៉ឺនតោន។ គួរបញ្ជាក់ថា ទីលានខាងលើ សាងសង់មិនត្រឹមតែអាចផ្ទុកបានត្រឹមតែសំរាម ប៉ុន្តែក៏សាងសង់ជាប្រព័ន្ធទឹកកខ្វក់ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមពិសេសការគ្រប់គ្រងបរិស្ថានខេត្ត-ក្រុង ជុំវិញបឹងទន្លេសាបឱ្យកាន់តែប្រសើរឡើងផងដែរ៕ រាយការណ៍ព័ត៌មានដោយ៖ ឈុន មករា


