អាជ្ញាធរកម្ពុជាបណ្ដេញចេញ ជនជាតិវៀតណាម១៤នាក់ លួចចូលមកធ្វើការស្នាក់នៅខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បណ្ដេញចេញជនជាតិវៀតណាមប្រុសស្រី១៤នាក់ ពីប្រទេស ដែលពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន នេះបើតាមការឱ្យដឹងពីអគ្គនាយកអន្តោប្រវេសន៍។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ប្រតិបត្តិការនេះ ធ្វើឡើងតាំងពីថ្ងៃទី១៣មករា ឆ្នាំ២០២៥ តាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ដិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន១៤នាក់ (ស្រីម្នាក់) ក្នុងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់នូវសារធាតុញៀន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

ក្នុងនោះ អាជ្ញាធរនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៤នាក់, ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន៣នាក់, ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន៤នាក់ និងទទួលបានពីពន្ធនាគារខេត្តព្រះសីហនុចំនួន៣នាក់។ សូមជម្រាបថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្នាំ២០១៤ មកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរបានបណ្តេញចេញនូវជនបរទេសខុសច្បាប់ចំនួន២៧៧៣៨នាក់ មានចំនួន១០៧សញ្ជាតិ៕

You might like