ឃាត់ខ្លួនក្មេងទំនើង២នាក់ នៅខេត្តមណ្ឌលគីរីពាក់ពន្ធ័កាប់សម្លាប់មនុស្សនៅខេត្តក្រចេះ

មណ្ឌលគិរី៖ យុវជន២ នាក់ត្រូវបានសមត្ថកិច្ច ចម្រុះស្រាវជ្រាវ ចាប់ខ្លួនបាន កាលពីរសៀល ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៤នេះនៅចំណុចភូមិខ្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយជាប់ពាក់ពន្ធ័ស្ទាក់វាយ កាប់សម្លាប់ យុវជនម្នាក់ទៀត នៅខេត្តក្រចេះ កាលពីព្រលប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ហើយរត់គេចខ្លួន ទៅដល់ខេត្តមណ្ឌលគីរី ។

យោងតាមរបាយការណ៍ប៉ូលីស ខេត្តក្រចេះបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខណៈពេលកំពុងជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០២នាក់ បានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន០១ដើម, កាំបិតផ្គាក់ចំនួន០១ដើម និងដំបងឈើចំនួន០១ដើម។

តាមចម្លើយរបស់ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី ពួកខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រាកដមែន។ មូលហេតុដោយសារតែកន្លងមកជនរងគ្រោះបានធ្វើសកម្មភាពកាប់មកលើពួកខ្លួន ទើបពួកខ្លួនមានការគុំគួន រហូត ដល់មានករណីខាងលើកើតឡើង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្តរ៕

 

You might like