ភ្នំពេញ៖ មន្ទីរពេទ្យឯកជនចំនួន២ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធររកឃើញបើកដោយគ្មានច្បាប់ ហើយបិទភ្លាមៗ ខណៈមួយទៀតត្រូវផ្អាកជាបណ្តោះអាសន្នដោយសារហួសកាលបរិច្ឆេទលិខិតអនុញ្ញាត។ នេះបើតាមមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រកាសកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤…។
បើតាមលិខិតជូនដំណឹងរបស់មន្ទីរសុខាភិបាល បានសម្រចបិទពេទ្យឯកជនចំនួន២រួមមាន៖ ទី១.ឱសថស្ថាន អ៊ាង ហុងលី ដែលមានទីតាំងស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របស់លោក អ៊ាង ហុងលី។ ទី២.បន្ទប់ពិគ្រោះព្យាបាលជំងឺ ម៉ា ដារិន្ន មានទីតាំងស្ថិតនៅភូមិសូនបួនសូនប្រាំ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របស់លោកវេជ្ជបណ្ឌិត ម៉ា ដារិន្ន ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលដូចគ្នា។ ដោយឡែក បន្ទប់ថែទាំអ្នកជំងឺ មុត ប៊ុនថន មានទីតាំងស្ថិតនៅភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ របស់លោក ប៊ុត ប៊ុនថន ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ ក្រោមមូលហេតុហួសសុពលភាពច្បាប់ និងការផ្ដល់សេវាខ្វះមនសិកាវិជ្ជាជីវៈ។
ករណីខាងលើនេះ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានទូរស័ព្ទប្រាប់មកអង្គភាពសារពត៌មាន Hkmer top News .KTN ឱ្យដឹងថា ចំពោះឱសថស្ថានដែលហួសសុពលភាពត្រូវផ្អាកមិនឱ្យដំណើរការសិន ដើម្បីចាត់ចែងតាមផ្លូវច្បាប់ទ្បើងវិញ។ ដោយទ្បែក ឱសថស្ថានដែលគ្មានច្បាប់ ក៏សម្រេចឱ្យបិទដែរ ហើយក្នុងនោះមិនមានវិធានការច្បាប់ចំពោះម្ចាស់ឱសថស្ថាននោះទេ បើរឹងទទឹងនៅតែបើកនឹងចាត់វិធានតាមច្បាប់តែម្ដង។ ប្រធានមន្ទីរសុខាភិបាលគូសបញ្ជាក់ថា៖«យើងប្រកាសឱ្យគាត់ផ្អាកដំណើរការ បើអ្នកហួសសុពលភាពប្រកាសឱ្យគាត់ផ្អាកសិន ដើម្បីឱ្យគាត់ចាត់ចែងផ្លូវច្បាប់រត់ការច្បាប់ទ្បើងវិញ។ អ្នកដែលអត់មានសញ្ញាបត្រវិជ្ជាជីវៈ យើងប្រកាសបិទ ហើយធ្វើកិច្ចសន្យាឱ្យគាត់បញ្ឈប់ដែរ បើសិនជាគាត់នៅបន្តទៀតយើងនឹងកសាងសំណុំរឿងទៅតុលាការ»។

បន្ថែមលើនោះ លោកប្រធានមន្ទីរអះអាងថា ក្រុមការងារជំនាញរបស់មន្ទីរ បាននិងកំពុងដុតដៃជើង ស្វែងរកឱសថស្ថានណាដែលគ្មានច្បាប់ និងហួសសុពលភាពដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ។ សូមរំឭកថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញលិខិតមួយច្បាប់ប្រាប់ទៅអភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឱ្យប្រញាប់ចុះត្រួតពិនិត្យជាបន្ទាន់ គ្រប់មន្ទីរពេទ្យឯកជនក្នុងមូលដ្ឋានខ្លួន ដើម្បីធានាថា ពេទ្យឯកជនទាំងនោះមានច្បាប់ត្រឹមត្រូវ។ ការបញ្ជាឱ្យអាជ្ញាធរតំបន់ត្រួតពិនិត្យរកច្បាប់ តាមបណ្តាពេទ្យឯកជនឡើងវិញនេះ ធ្វើឡើងក្រោយមានករណីស្ត្រីម្នាក់ត្រូវពេទ្យចាក់ថ្នាំបណ្តាលឱ្យស្លាប់នៅខេត្តតាកែវ និងបន្ទាប់ពីកើតហេតុ ទើបមន្ទីរសុខាភិបាលចេញមកអះអាងថា ពេទ្យឯកជននោះគ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មទេ៕




