​ប្រទេសថៃ​​កំណត់​គោលដៅ​ បើកទ្វារស្វាមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៤០​លាន​នាក់នៅ​ឆ្នាំ​២០២៥

បាងកក៖ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ លោក សារ៉ាវង់ ធានថង បានប្រកាសពីការប្តេជ្ញាចិត្តនៅថ្ងៃអង្គារទី២៤ធ្នូថា អាជ្ញាធរទេសចរណ៍ថៃ មានមហិច្ចតាទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៤០លាននាក់នៅឆ្នាំ២០២៥ ដោយនឹងអាចកើបប្រាក់ចំណូលបាន២,៨ពាន់ពាន់លានបាត…។

លោក សារ៉ាវង់ ធានថង (Sorawong Thienthong)
លោក សារ៉ាវង់ ធានថង (Sorawong Thienthong)

ជាការពិតណាស់ រាជរដ្ឋាភិបាលថៃកំពុងពឹងផ្អែកលើយុទ្ធនាការ «Amazing Thailand Grand Tourism and Sports Year 2025» របស់ខ្លួន ដើម្បីសម្រេចបាននូវការកើនឡើង៧,៥ភាគរយ លើសប្រាក់ចំណូលទេសចរណ៍ឆ្នាំ២០២៤។ លោក សារ៉ាវង់ បានកត់សម្គាល់ថា គោលដៅនៅតែទាបជាងប្រាក់ចំណូល៣ពាន់ពាន់លានបាត ដែលសម្រេចបាននៅក្នុងយុគសម័យមុនជំងឺរាតត្បាត។ លោកមិនសប្បាយចិត្តទាល់តែសោះអំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែងទេសចរណ៍ខ្លាំងពីបណ្តាប្រទេសផ្សេងៗដូចជាប្រទេសជប៉ុន ខណៈប្រាក់យ៉េនខ្សោយកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិទៅកាន់រាជធានីតូក្យូ។ រដ្ឋមន្រ្តីរូបនេះ បានអះអាងថា ការសម្រេចបាននូវគោលដៅនៃភ្ញៀវទេសចរបរទេសចំនួន៤០លាននាក់នឹងក្លាយជាលើកដំបូងសម្រាប់ទេសចរណ៍ថៃ។

យ៉ាងណា វិស័យទេសចរណ៍ថៃ មិនទាន់អាចត្រលប់ទៅកម្រិតមុនជំងឺរាតត្បាតកូវីដ-១៩ បាននៅឡើយទេ ត្រង់ចំណុច លោក សារ៉ាវង់ រំពឹងថា វិស័យទេសចរណ៍ថៃ នឹងបង្កើតប្រាក់ចំណូលបាន២,៦ពាន់ពាន់លានបាត ក្នុងឆ្នាំ២០២៤នេះ។ លោកបានបន្ថែមថា ជាមធ្យមជនបរទេសចន្លោះពី១៣ម៉ឺននាក់ ទៅ១៥ម៉ឺននាក់ បានទៅលេងប្រទេសថៃជារៀងរាល់ថ្ងៃ ក្នុងឆ្នាំ២០២៤ ខណៈជនបរទេសមកពីតៃវ៉ាន់ និងឥណ្ឌា បានកើនឡើងដល់ជាង១លាននាក់។ លើសពីនេះ លោក សារ៉ាវង់ បានកត់សម្គាល់ឃើញថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ បានបរាជ័យក្នុងការស្តារឡើងវិញដល់កម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ចំនួន៣ពាន់ពាន់លានបាត។


យ៉ាងណា នៅឆ្នាំក្រោយ លោករំពឹងថា ការកើនឡើងនៃការចំណាយលើវិស័យទេសចរណ៍នឹងបង្កើតប្រាក់ចំណូលខ្ពស់ បើទោះបីជាភ្ញៀវទេសចរបរទេសធ្លាក់ចុះក៏ដោយ។ គួរបញ្ជាក់ថា ទីផ្សារទេសចរណ៍កំពូលទាំង១០របស់ប្រទេសថៃ នៅឆ្នាំ២០២៤នេះ រួមមាន៖ ចិន ៦លាន១៩ម៉ឺននាក់, ម៉ាឡេស៊ី ៤លាន៤៩ម៉ឺននាក់, ឥណ្ឌា ១លាន៩០ម៉ឺននាក់, កូរ៉េខាងត្បូង ១លាន៦៧ម៉ឺននាក់, រុស្ស៊ី ១លាន៤៩នាក់, ឡាវ ១លាន៥ម៉ឺននាក់, តៃវ៉ាន់១លាននាក់, ជប៉ុន ៩៤៦ ២៩២នាក់, វៀតណាម ៩២០ ៤០០នាក់ និងអាម៉េរិក ៩០៦ ៥២៦នាក់៕

You might like