អន្តរជាតិះ- តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអង្គារទី១៧ខែធ្នូឆ្នាំ២០២៤, ប្រទេសចិន បានប្រហារជីវិតអតីតមន្ត្រីកំពូលម្នាក់ ដែលត្រូវកាត់ទោសពីបទអំពើពុករលួយ ពាក់ព័ន្ធទឹកប្រាក់ជាង ៣ពាន់លានយ័ន (៤១២លានដុល្លារអាមេរិក)។
– ក្នុងខែកញ្ញាឆ្នាំ២០២២ តុលាការក្នុងតំបន់ស្វយ័ត North Inner Mongolia រកឃើញថា លោក Li Jianping អាយុ៦៤ឆ្នាំ ដែលជាអតីតលេខាគណៈកម្មាធិការការងារបក្សកុម្មុយនិស្តនៃតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យា Hohhot មានពិរុទ្ធពីបទឧក្រិដ្ឋកម្ម រួមទាំងការស៊ីសំណូក, រឹបអូសយកថវិការដ្ឋ និងឃុបឃិតជាមួយក្រុមឧក្រិដ្ឋកម្ម ហើយគាត់ក៏ត្រូវកាត់ទោសប្រហារជីវិត។
– លុះមកដល់ខែសីហាឆ្នាំនេះ គាត់បានចាញ់បណ្តឹងឧទ្ធរណ៍។ សាលក្រមក៏ត្រូវបានអនុម័តដោយតុលាការប្រជាជនកំពូលចិន ហើយការប្រហារជីវិត បានធ្វើឡើងកាលពីថ្ងៃអង្គារ។
– តុលាការកំពូលរកឃើញថា លោក Li បានយកប្រាក់ជាង១៩៧លានដុល្លារ ពីមូលនិធិក្រុមហ៊ុនរដ្ឋ ទៅប្រើមិនត្រឹមត្រូវតាមរយៈមធ្យោបាយបោកប្រាស់ ខណៈក្នុងនោះ មានប្រាក់ជាង៣៩.៦លានដុល្លារ មិនទាន់យកបានមកវិញនៅឡើយទេ។
– លើសពីនេះ គាត់ថែមទាំងស៊ីសំណូកជាង ៧៩.២លានដុល្លារផងដែរ ហើយកិបកេងមូលនិធិរដ្ឋជាង ១៣៧លានដុល្លារទៀត។
– សូមបញ្ជាក់ថា ចាប់តាំងពីអាណត្តិទី៣ក្នុងឆ្នាំ២០២២មក ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្កើនយុទ្ធនាការប្រឆាំងអំពើពុករលួយដោយមិនយល់យោគឡើយ។ ជាក់ស្តែង មហាសេដ្ឋីនិងធនាគារិកជាច្រើននាក់ ត្រូវបានបណ្តេញចេញពីបក្ស ឬជាប់គុកក្នុងប្រតិបត្តិការបោសសម្អាតនេះ៕
