បន្ទាយមានជ័យ៖- បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដេកស្លាប់ក្នុងផ្ទះជួល នៅក្រោយកាស៊ីណូហ្គោលឌិនស្ថិតក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។
– លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ SANDRO CROWN KWEE សាន់ដូ ក្រោនខ្វី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី។
– លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងបន្តរទៀតថាកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បើតាមអ្នកនៅជិតផ្ទះជួលនោះបានប្រាប់ថា ជនរង គ្រោះ ដោយមិនឃើញទៅធ្វើការ២ទៅ៣ថ្ងៃដោយមានការសង្ស័យ មិត្តភក្ត្របានមកមើល ក្នុងផ្ទះជួលនោះទើបដឹងថាជនរងគ្រោះបានដេកស្លាប់ក្នុងបន្ទប់ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។
– លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីមន្ត្រីជំនាញខាងពិនិត្យសាកសពបានធ្វើកោសវិច្ច័យយ៉ាងយកចិត្តទុកដាក់រួចមកបានធ្វើការសន្និដ្ឋានថា ជំហានដំបូងថាសពជនរងគ្រោះជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ អាចស្លាប់ដោយគាំងបេះដូង។
– សពបានបញ្ជូនទៅកាន់រាជធានីភ្នំពេញដើម្បីរក្សាទុកឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
