ភ្នំពេញ៖ ស្របពេលពិភពលោកមានភាពរីកចម្រើនជាមួយនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា នៅព្រឹកថ្ងៃសុក្រនេះ បានអំពាវនាវឱ្យអ្នកសារព័ត៌មាន កម្ពុជា-ចិន ពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ ដើម្បីផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពជាក់លាក់…។
ថ្លែងក្នុងវេទិកាស្តីពី«ការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ២០២៤ គឺជាការជួបជុំគ្នា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា និងចិន» កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន បានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយមិនគ្រាន់តែផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាវេទិកាដ៏សំខាន់់ក្នុងការទំនាក់ទំនងវប្បធម៌ និងការផ្លាស់ប្ដូរមតិយោបល់ និងទស្សនៈគ្នាទៅវិញទៅមក។ ជាមួយគ្នានោះ ស្របពេលរីកចម្រើននៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត លោកក៏សំណូមពរឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ប្រើប្រាស់ឧបករណ៍នេះ ដោយពង្រឹងការប្រើប្រាស់ និងជំរុញឱ្យមានភាពជាក់លាក់ក្នុងការផ្សព្វផ្សាយ។

លោកបញ្ជាក់ថា៖«ខ្ញុំសូមផ្ដល់យោបល់ឱ្យប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ បង្ហាញពីលក្ខណៈពិសេស និងសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។ តាមរយៈការសហការផលិតសេចក្ដីរាយការណ៍ព័ត៌មាន និងកម្មវិធីវប្បធម៌ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ពង្រឹងភាពស៊ីជម្រៅ និងភាពទូលំទូលាយនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ព្រមទាំងជំរុញធ្វើឱ្យមានភាពឆ្លាតវៃ និងជាក់លាក់ក្នុងការផ្សព្វផ្សាយព័ត៌មាន»។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើងថា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសទាំងពីរ គួរយកចិត្តទុកដាក់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានយុវជនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។

ចំណែក លោក អាន ហ្សៅយូ An Xiaoyu និពន្ធនាយករងប្រចាំការ CGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់គ្នា តភ្ជាប់ជោគវាសនា។ លោកថា នៅលើមាគ៌ារួមគ្នាស្វែងរកជីវិតស្រស់បំព្រង និងសម្រេចបានទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយមានបេសកកម្មភាពដ៏ពិសេស និងមានសារសំខាន់់៕

