អន្តរជាតិះ- ក្រោយលោក ដូណាល់ ត្រាំ ជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៤, ទស្សនាវដ្តី Time បានចេញផ្សាយកិច្ចសម្ភាសពិសេសជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះនៅថ្ងៃព្រហស្បតិ៍ទី១៣ខែធ្នូ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកនឹងមិនកាត់ជំនួយទាំងអស់ដល់អ៊ុយក្រែនទេ ហើយក៏នឹងមិនបោះបង់ទីក្រុងកៀវចោលដែរ ដោយនោះជាការខិតខំរបស់អាមេរិក ដើម្បីសម្របសម្រួលឲ្យមានកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី។
– នៅពេលត្រូវបានសួរថាតើលោក នឹងបោះបង់ចោលអ៊ុយក្រែនតាមរយៈការកាត់ផ្តាច់ជំនួយមែនទេ? លោក ត្រាំ ឆ្លើយតបថា «ខ្ញុំចង់បានកិច្ចព្រមព្រៀងមួយ ហើយវិធីតែមួយគត់ដែលអាចឈានដល់កិច្ចព្រមព្រៀងនោះ គឺមិនត្រូវបោះបង់អ៊ុយក្រែនចោលឡើយ»។
– ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែបដិសេធបញ្ជាក់លម្អិតអំពីផែនការសន្តិភាពដែលលោកមាននៅក្នុងដៃ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
– កាលពីសប្តាហ៍មុន ទីប្រឹក្សារបស់លោកត្រាំក៏បានបង្ហាញផែនការចំនួន៣ ដើម្បីបញ្ចប់សង្គ្រាមនេះដែរ ហើយត្បិតតែសេចក្តីលម្អិតនៃផែនការទាំងនោះត្រូវបានលាក់ជិតឈឹងក៏ដោយ ប៉ុន្តែគេសន្និដ្ឋានថា វាគ្មានអ្វីក្រៅពីការជំរុញទីក្រុងកៀវប្រគល់ទឹកដីឲ្យទីក្រុងមូស្គូ ហើយឈប់ព្យាយាមចូលជាសមាជិកអង្គការណាតូនោះទេ។
– លោក ហ្សេលេនស្គី និងលោក ត្រាំ (រូបថត៖ AP)
សេចក្តីរាយការណ៍របស់ Reuters បានឲ្យដឹងថា ក្នុងចំណោមផែនការទាំង៣ គឺមានមួយបានមកពីលោក Keith Kellogg ដែលជាប្រេសិតរុស្ស៊ី-អ៊ុយក្រែននៃរដ្ឋបាលថ្មីរបស់លោក ត្រាំ ចំណែកផែនការ២ទៀតគឺបានមកពីអនុប្រធានាធិបតីជាប់ឆ្នោត J.D. Vance និងអតីតប្រធានចារកម្មស្តីទីរបស់លោក ត្រាំ គឺ Richard Grenell។
– យ៉ាងណាក្តី បើតាមការបញ្ជាក់ពីអតីតមន្ត្រីសន្តិសុខជាតិរបស់លោក ត្រាំ, ក្នុងផែនការនោះ លោក ត្រាំ នឹងគំរាមកាត់ជំនួយយោធាដល់អ៊ុយក្រែន បើលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី មិនព្រមចូលតុចរចា ឬសហរដ្ឋអាមេរិក នឹងបង្កើនជំនួយដល់អ៊ុយក្រែន បើរុស្ស៊ី មិនព្រមមកចរចាវិញ។
– ម្យ៉ាងវិញទៀត គេហ៊ានអះអាងថា កិច្ចព្រមព្រៀងណាមួយ គឺអាចកើតឡើងបាន លុះត្រាតែលោក ត្រាំ, ពូទីន និង ហ្សេលេនស្គី ចូលរួមក្នុងកិច្ចពិភាក្សាគ្នាផ្ទាល់៕
