កីឡា៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងត្រូវល្បងឫទ្ធិជាមួយក្រុមជម្រើសជាតិតោកន្ទុយត្រីសិង្ហបុរីដល់ផ្ទះ នៅថ្ងៃពុធទី១១ ខែធ្នូល្ងាចនេះ បន្ទាប់ពីក្រុមគោព្រៃកម្ពុជាទទួលបានលទ្ធផលស្មើគ្នាជាមួយក្រុមជម្រើសជាតិខ្លាដំបងម៉ាឡេស៊ីនាជំនួបលើកដំបូងក្នុងពូល នៃពានរង្វាន់ ASEAN Mitsubishi Electric Cup 2024…។
យ៉ាងណា អ្នកគាំទ្រនៅតែដិតដាមជាប់នូវរូបភាពនៃការប្រកួតដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី៨ ខែធ្នូថ្មីៗកន្លងទៅ នូវទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍លើវាលស្មៅបៃតងខ្ចី នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ថ្វីដ្បិតក្នុងជំនួបនោះ កម្ពុជាបានត្រឹមលទ្ធផលស្មើ ២ទល់នឹង២ ជាមួយក្រុមជម្រើសជាតិខ្លាដំបងម៉ាឡេស៊ីក៏ពិតមែន តែទម្រង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ឃើញថា ក្រុមគោព្រៃកម្ពុជាធ្វើបានល្អ និងបង្កការភ័យខ្លាចឱ្យក្រុមខ្លាដំបងដែលធ្លាប់តែត្របាក់ក្រុមគោព្រៃយើងជាច្រើនចង្កូមនូវស្ទើរតែគ្រប់ការប្រកួតកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ ក្រុមទាំងពីរ បានហែកចែកគ្នាម្នាក់មួយពិន្ទុ ដោយកម្ពុជានៅឈរលេខពីរក្នុងតារាងពូលA ជាបណ្តោះអាសន្ន បន្ទាប់ពីក្រុមដំរីសឹកថៃ ព្រេចក្រុមក្រពើទីម័រខាងកើតយ៉ាងធ្ងន់ធ្ងរបំផុតរហូតដល់ទៅ១០ទល់នឹង០ ឈរលើកំពូលតារាងបណ្តោះអាសន្ន។
ក្រោយជំនួបដ៏តានតឹងជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ពេលនេះក្រុមគោព្រៃជម្រើសជាតិកម្ពុជា ត្រូវសម្រួចស្នែងសម្ដែងមហិទ្ធិឫទ្ធិជាមួយក្រុមជម្រើសជាតិតោកន្ទុយត្រីសិង្ហបុរី នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិសិង្ហបុរី។ យ៉ាងណា បើតាមការសង្កេតរបស់ក្រុមអ្នកគាំទ្របាល់ទាត់កម្ពុជា បច្ចេកទេស ទម្រង់លេង ក៏ដូចជាកម្រិតនៃសមត្ថភាពរបស់ក្រុមជម្រើសជាតិតោកន្ទុយត្រីសិង្ហបុរី ហាក់មិនលើសឆ្ងាយពីក្រុមគោព្រៃកម្ពុជាប៉ុន្មានឡើយ ខណៈថ្មីៗនេះក្រុមកម្ពុជាបង្ហាញទម្រង់លេងបានយ៉ាងល្អកំលុងពេលប៉ះក្រុមខ្លាំងម៉ាឡេស៊ី និងដោយមានកីឡាករសញ្ជាតូប្បនីយកម្មមកពីបរទេសចំនួន៦រូបទៀតនោះ ក្រុមគោព្រៃកម្ពុជាអាចនឹងមានសង្ឃឹមយកឈ្នះលើក្រុមតោកន្ទុយត្រីសិង្ហបុរីបានមិនខាន។ នៅក្នុងការប្រកួតសន្សំពិន្ទុជុំទី២ ជាមួយក្រុមជម្រើសជាតិសិង្ហបុរី អ្នកគាំទ្រជាច្រើនជឿជាក់ថា៖«ក្រុមគោព្រៃកម្ពុជា នឹងលត់ក្រុមម្ចាស់ផ្ទះយ៉ាងចាស់ដៃជាក់ជាមិនខាន»។ ទន្ទឹមគ្នានេះ អ្នកគាំទ្រមួយចំនួនយល់ឃើញថា៖«ជាមួយនឹងការចូលសញ្ជាតិពីសំណាក់កីឡាករបរទេសថ្មីៗ និងបទពិសោធដ៏ជោគជាំ របស់ក្រុមជម្រើសជាតិកម្ពុជា អាចបំបាក់ក្រុមជម្រើសជាតិសិង្ហបុរីបានយ៉ាងងាយ និងឈោងចាប់យក៣ពិន្ទុយ៉ាងផុយ»។ គួររំឭកថា ក្នុងពូល A មានក្រុមជម្រើសជាតិ៥ប្រទេស ក្នុងនោះរួមមាន៖ កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត៕





