ប្រមូលផ្តុំសត្វប្រភេទជិតផុតពូជបំផុត នៅតំបន់សំឡូតជាច្រើនកន្លែង

ភ្នំពេញ៖​​ ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន មន្ត្រីជំនាញបានរកឃើញវត្តមានប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជជាច្រើនរួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃ។​​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមពីក្រសួងបរិស្ថាន​​ មូលនិធិម៉ាដក្សចូលីតីត​​ អង្គការសត្វព្រៃ និងរុក្ខជាតិ កាលពីថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២៤…។

សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន និងស្ថាប័នគាំពារបរិស្ថានចំនួន២ទៀត បានគូសបញ្ជាក់ថា​​ ​តំបន់សំឡូត ជាជម្រកនៃពពួករុក្ខជាតិ និងសត្វព្រៃកម្រជាច្រើនប្រភេទរួមទាំងប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជមួយចំនួន។ ព័ត៌មានដែលទទួលបានតាមរយៈការសិក្សានេះ ពិតជាមានសារសំខាន់​​យ៉ាងខ្លាំង ក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តការគ្រប់គ្រងដើម្បីប្រើប្រាស់ធនធានទាំងនេះប្រកបដោយនិរន្តរភាពធានា បាននូវអភិរក្សរយៈពេលយូរអង្វែងនៃធនធានទាំងអស់នោះ។​​ ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត រកឃើញនូវសត្វព្រៃជាច្រើនប្រភេទរួមមាន៖ សត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។ ការសិក្សាស្រាវជ្រាវនេះដែរ ​ធ្វើឡើងក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងក្រសួងបរិស្ថាន និងផ្តល់មូលនិធិដោយ Maddox Foundation។​​

សេចក្តីប្រកាសបន្ថែមថា​​ ការសិក្សាស្រាវជ្រាវជីវៈចម្រុះនេះ ត្រូវបានធ្វើឡើងចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីប្រមូលទិន្នន័យព័ត៌មានស្តីពីជីវៈចម្រុះក្នុងតំបន់ដែលការសិក្សានេះ ផ្តោតលើក្រុមចំនួនប្រាំមានដូចជា៖ ប្រចៀវ ផ្ការកេសកូល(អ័រគីដេ) ឧរង្គសត្វ សត្វស្លាប ដោយការប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិិ។ ការសិក្សាស្រាវជ្រាវសត្វប្រចៀវ បានកត់ត្រានូវប្រភេទប្រចៀវជាច្រើន ដែលជាទិន្នន័យដ៏មានតម្លៃទាក់ទងនឹងវត្តមានប្រចៀវនៅក្នុងតំបន់ និងសារសំខាន់នៃតំបន់នេះសម្រាប់ការអភិរក្សសត្វប្រចៀវ។​​ ក្នុងនោះការសិក្សា ប្រភេទឧរង្គសត្វ បានកត់ត្រា៥១ប្រភេទរួមមាន៖ ថលជលិកសត្វចំនួន២១​​ agamids៦ តុកកែ៤ skinks៥ ពស់១៤ និងអណ្ដើក១។ ក្នុងការសិក្សាស្រាវជ្រាវសត្វស្លាបបានកត់ត្រាសរុបចំនួន១៤២ ។​

រីឯការសិក្សាផ្ការកេសកូល(អ័រគីដេ)បានកត់ត្រាជាង៥០ប្រភេទពី២៩ពួក។ ការសិក្សានេះ ក៏កត់ត្រានូវប្រភេទរុក្ខជាតិចំនួន៧ប្រភេទបន្ថែមទៀត និងកំណត់ត្រាប្រភេទថ្មីចំនួនពីរសម្រាប់ប្រទេសកម្ពុជា ដែលជាប្រភេទកម្រមាន (Pycnospatha arietina) និង (aroid Amorphophallus tenuistylis)។​​​ ដោយទ្បែក​​ ការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្តិបានកត់ត្រាសត្វព្រៃចំនួន៤៤ប្រភេទ ក្នុងនោះមាន ថនិកសត្វ២៨ប្រភេទ និងសត្វស្លាប១៥ប្រភេទ។ ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន១២ប្រភេទជាប្រភេទរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ​​១ប្រភេទជាប្រភេទជិតផុតពូជបំផុត  ៣ប្រភេទជាប្រភេទជិតផុតពូជ និង៨ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់៕

You might like