នំពេញ៖ ក្រោយកត់សម្គាល់ឃើញ ជំងឺទឹកផ្អែមក្នុងពេលបច្ចុប្បន្នហាក់មានការកើនឡើង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២៤ បានអំពាវនាវឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ ពង្រឹងការយកចិត្តទុកដាក់ និងតាមដានឡើងវិញ ចំពោះការដាក់លក់នំចំណីនានានៅតាមគ្រឹះស្ថានសិក្សាសម្រាប់កុមារ…។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីថ្ងៃទី១០ ខែធ្នូនេះ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជំងឺទឹកនោមផ្អែមនាពេលបច្ចុប្បន្ន មិនមែនកើតមានតែទៅលើមនុស្សមានវ័យចំណាស់នោះទេ ជំងឺនេះ សូម្បីតែអ្នកមានអាយុទើប៣០ឆ្នាំ ក៏រងនូវផលប៉ះពាល់ ជាពិសេសក្មេងៗ គឺកាន់តែប្រឈមមុខ។ សម្តេចបានគូសបញ្ជាក់បន្ថែមថា បញ្ហាទាំងនេះ គឺអាចបណ្តាលមកពីការបរិភោគចំណីអាហារ ជាពិសេសការទទួលទានភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកជាតិស្ករខ្ពស់។ យ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចធិបតី ស្នើឱ្យភាគីពាក់ព័ន្ធដូចជា ក្រសួងសុខាភិបាល និងក្រសួងអប់រំ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះបញ្ហានេះ ដើម្បីចូលរួមកាត់បន្ថយទុកជាមុន។
សម្តេចបានគូសបញ្ជាក់ថា៖«ខ្ញុំសូមឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ ពិនិត្យមើល ធ្វើការអប់រំ ការត្រួតពិនិត្យ ក៏ដូចជាការណែនាំទៅដល់ការលក់ចំណីអាហារនៅតាមសាលាសម្រាប់ក្មេងតូចៗផង ព្រោះខ្ញុំឃើញកំណើននៃអ្នកកើតទឹកនោមផ្អែម»។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានរកឃើញមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ មានអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកជំងឺសម្ពាធឈាមច្រើនលើសលប់។ ដោយឡែក កាលពីកំលុងខែកក្កដា អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោក ឃុន លាងឈុន ក៏បានឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកជំងឺទឹកនោមផ្អែម មានការកើនឡើងដោយក្នុងមួយឆ្នាំមានរហូតដល់២០ករណី ហើយបច្ចុប្បន្នមានកុមារកម្ពុជាប្រមាណជិត៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ១៕

