ទីក្រុងហុងកុង៖ អាជ្ញាធរហុងកុងបានបង្កើនវិធានការត្រួតពិនិត្យសុខភាពសម្រាប់ជើងហោះហើរទាំងអស់ដែលចូលមកពីមជ្ឈមណ្ឌលឆ្លងកាត់ទ្វីបអាហ្រ្វិក ដោយសារតែហានិភ័យនៃជំងឺមិនស្គាល់អត្តសញ្ញាណដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៧៩ នាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

មជ្ឈមណ្ឌលការពារសុខភាពអះអាងថាបានស្វែងរកព័ត៌មានពីអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក និងអាជ្ញាធរសុខាភិបាលកុងហ្គោ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងប្រទេសអាហ្រ្វិកកណ្តាល ជំងឺនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៩ នាក់ និងឆ្លងជាង៣០០ នាក់ចាប់តាំងពីចុងខែតុលា។ អ្នកជំងឺភាគច្រើនដែលមានអាយុលើសពី១៥ ឆ្នាំមានរោគសញ្ញារួមមានគ្រុនក្ដៅ ឈឺក្បាល ហៀរសំបោរ ក្អក ពិបាកដកដង្ហើម និងភាពស្លេកស្លាំង។ គិតមកទល់ពេលនេះ រដ្ឋាភិបាលហុងកុងមិនបានទទួលរបាយការណ៍អំពីមនុស្ស ឬអ្នកដំណើរដែលមកដល់ជាមួយនឹងជំងឺដែលមិនស្គាល់អត្តសញ្ញាណនោះទេ។ ខណៈពេលដែលមិនមានជើងហោះហើរត្រង់រវាងកុងហ្គោ និងហុងកុង អ្នកដំណើរមកពីប្រទេសនេះជាធម្មតាទៅដល់ទីក្រុងនោះតាមរយៈមជ្ឈមណ្ឌលដឹកជញ្ជូនអាហ្វ្រិក ជាពិសេសទីក្រុង Johannesburg នៅអាហ្វ្រិកខាងត្បូង និង Addis Ababa ក្នុងប្រទេសអេត្យូពី។

មជ្ឈមណ្ឌលបានបញ្ជាក់ថា៖ «ជាវិធានការប្រុងប្រយ័ត្ន មជ្ឈមណ្ឌលបានបង្កើនការត្រួតពិនិត្យសុខភាពភ្លាមៗនៅអាកាសយានដ្ឋានសម្រាប់អ្នកដំណើរលើជើងហោះហើរទាំងអស់ដែលមកដល់ហុងកុង»។ យោងតាមមជ្ឈមណ្ឌលនេះ អ្នកដំណើរនឹងឆ្លងកាត់ការត្រួតពិនិត្យសីតុណ្ហភាព ដោយបុគ្គលិកសុខាភិបាលវាយតម្លៃផ្នែកវេជ្ជសាស្ត្រសម្រាប់អ្នកដែលមានរោគសញ្ញា និងបញ្ជូនករណីសង្ស័យទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ។ មជ្ឈមណ្ឌលក៏បានណែនាំដល់អ្នកដែលមានគម្រោងទៅលេងប្រទេសកុងហ្គោ ដើម្បីរក្សាអនាម័យផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន និងជៀសវាងកន្លែងដែលមានមនុស្សច្រើន និងការទាក់ទងជាមួយអ្នកឈឺ។ អ្នកធ្វើដំណើរត្រឡប់ទៅហុងកុងត្រូវបានជំរុញឱ្យស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួល និងជូនដំណឹងដល់អ្នកផ្តល់សេវាថែទាំសុខភាពអំពីប្រវត្តិនៃការធ្វើដំណើររបស់ពួកគេ៕

