ស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិ នៅតំបន់អង្គរត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

តសៀមរាប៖​​ អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំងបានរៀបចំដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹកមួយកន្លែងនៅស្ថានីយបន្ទាយស្រី។ ​​ស្ថានីយនេះនឹងជួយដល់ការងារ​គ្រប់គ្រងទឹក​ឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័សកាត់បន្ថយកម្លាំងពលកម្មមួយផ្នែកធំ។ នេះបើតាមការឱ្យដឹងពី ​អាជ្ញាធរជាតិអប្សរា​​ កាលពីរសៀលថ្ងៃទី៩​​ ខែធ្នូ ឆ្នាំ២០២៤…។

អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ស្ថានីយបន្ទាយស្រី ជាស្ថានីយមួយក្នុងចំណោម៦ ដែលផ្តល់ដោយស្ថាប័ន SIAVB ដើម្បីអភិវឌ្ឍន៍ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ ដោយស្ថានីយទាំងនោះប្រើប្រាស់ឧបករណ៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបញ្ជូនព័ត៌មានឆាប់រហ័សតាមប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ ទាក់ទងនឹងការវាស់កម្ពស់ទឹកភ្លៀង វាស់សំណើម លឿនខ្យល់ ទិសដៅខ្យល់ និងវាស់កាំរស្មីព្រះអាទិត្យ ជាដើម។

ប្រភពដដែលបន្ថែមថា​  ស្ថានីយទាំង៥ទៀតនោះមាន​​ ស្ថានីយភ្នំគូលែន  ស្ថានីយចៅស្រីវិបុល ស្ថានីយក្រាំងក្រូច ស្ថានីយភ្នំក្រោម និងស្ថានីយវត្តស្លាតរំជ័យ។ គួរឱ្យដឹងដែរថា​​ អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ បានចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការវិមជ្ឈការ នៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិ​ក្នុងការគ្រប់គ្រងទឹក​ក្នុងតំបន់សៀមរាបអង្គរ (SDGERA) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕

You might like