ឡាវ-កម្ពុជា ឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត..។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ និងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជាមួយគ្នា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំកាន់តែរឹងមាំបន្ថែមទៀត។

ចំណែក លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក និងគណៈប្រតិភូ។ ការណ៍នេះ..បង្ហាញពីមិត្តភាព​ដ៏ជិតស្និទ្ធ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង​ប្រទេស​ និង​ប្រជាជនទាំងពីរ។ លោកនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ និងកោតសរសើរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតីជាប្រមុខ។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ប្រមុខរាជ/រដ្ឋាភិបាលទាំងពីរ បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង​ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។ ប្រមុខដឹកនាំទាំងពីរ ក៏បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តជំរុញពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធថែមទៀត ដោយគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។ ទន្ទឹមនឹងនោះ វិស័យនយោបាយការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម,​ វិនិយោគ​ និងហិរញ្ញវត្ថុ​, ការពារជាតិ និងសន្តិសុខ, ថាមពល​, ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ​, ទេសចរណ៍, ​វប្បធម៌ និងសិល្ប: ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ត្រូវបានប្រមុខរាជ/រដ្ឋាភិបាលទាំងពីរ ឯកភាពបន្តទំនាក់ទំនងល្អ ក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាលើ៖ ១.កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, ទី២.អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង ទី៣.អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕

You might like