ប៉េកាំង៖ ចិនកំពុងជំរុញឱ្យបណ្តាសាកលវិទ្យាល័យផ្តល់«ការអប់រំស្នេហា» ដើម្បីបញ្ជាក់ពីទស្សនៈវិជ្ជមានលើចំណងអាពាហ៍ពិពាហ៍ សេចក្តីស្រឡាញ់ ការមានកូន និងជីវិតមានគ្រួសារ ក្នុងគោលបំណងជំរុញអត្រាកំណើតប្រជាជនឡើងវិញ ចំពេលប្រទេសនេះកំពុងជួបវិបត្តិប្រជាសាស្ត្រ…។

រដ្ឋធានីប៉េកាំងកំពុងលើកកម្ពស់វិធានការផ្សេងៗដើម្បីព្យាយាមទាក់ទាញសម្រាប់គូស្នេហ៍វ័យក្មេងឱ្យឆាប់មានកូន បន្ទាប់ពីចិនបានប្រកាសអំពីការធ្លាក់ចុះចំនួនប្រជាជនជាលើកទីពីរក្នុងឆ្នាំ២០២៣។ គួរជម្រាបថា ចិនមានប្រជាជនសរុប១,៤១ពាន់លាននាក់ ជាចំនួនច្រើនជាងគេបំផុតទីពីរនៅលើពិភពលោក បន្ទាប់ឥណ្ឌា ដែលមានប្រជាជនសរុប១,៤២ពាន់លាននាក់។ យ៉ាងណា នៅចិន ប្រជាជនវ័យចំណាស់កំពុងបង្កើនតម្រូវការលើការចំណាយរបស់រដ្ឋាភិបាល និងដាក់សម្ពាធលើសេដ្ឋកិច្ចជាតិ។

កាសែតជាំងស៊ូស៊ីនហ៊ួរ(Jiangsu Xinhua) បានចុះផ្សាយថា៖«និស្សិតមហាវិទ្យាល័យនឹងក្លាយជាកត្តាជំរុញដ៏ធំបំផុតនៃការបង្កកំណើត។ ដូច្នេះ បណ្តាមហាវិទ្យាល័យ និងសាកលវិទ្យាល័យគួរតែទទួលខុសត្រូវក្នុងការផ្ដល់ការអប់រំអាពាហ៍ពិពាហ៍ និងមុខវិជ្ជាស្នេហាដល់និស្សិត ដោយផ្តល់វគ្គបណ្តុះបណ្តាលស្តីពីអាពាហ៍ពិពាហ៍ និងស្នេហាជាដើម[…]»។ កាសែតនេះបានបន្តថា៖«វិធានការនេះនឹងជួយបង្កើតបរិយាកាសអាពាហ៍ពិពាហ៍ប្រកបដោយភាពវិជ្ជមាន និងវប្បធម៌បង្កើតកូន»។ សូមរំឭកថា ក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីបានប្រមូលផ្តុំរដ្ឋាភិបាលក្នុងតំបន់កាលពីខែវិច្ឆិកា ដើម្បីដឹកនាំធនធានឆ្ពោះទៅរកការស្តារឡើងវិញនៃការថយចុះចំនួនប្រជាជនរបស់ប្រទេសចិន៕


