ពិព័រណ៍នៅម៉ាឡេស៊ី នឹងផ្តល់ឱកាសឱ្យកម្ពុជាអាចផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ទៅបរទេស

ភ្នំពេញ៖ ខណៈនឹងចូលរួម ពិព័រណ៍ទេសចរណ៍ “ASEAN Travel Exchange (TRAVEX)” នៅចុងខែមករា ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងទេសចរណ៍រំពឹងថា តាមរយៈពិព័រណ៍នេះ កម្ពុជានឹងអាចបង្កើតឱកាសធ្វើពាណិជ្ជកម្ម ក៏ដូចជាផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់បរទេស…។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្រសួងទេសចរណ៍នឹងចូលរួមពិព័រណ៍ទេសចរណ៍ “ASEAN Travel Exchange (TRAVEX)” នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខ។ ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាឱកាសក្នុងការលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ ជាពិសេសពិព័រណ៍នេះ នឹងអាចជំរុញការបង្កើតឱកាសអាជីវកម្មទេសចរណ៍ ជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន។

រូបតំណាង៖ កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន ដែលធ្វើឡើងកាលពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤
រូបតំណាង៖ កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន ដែលធ្វើឡើងកាលពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤

ពិព័រណ៍នេះ ក៏ផ្តល់ឱកាសឱ្យកម្ពុជាក្នុងការបង្កើតទំនាក់ទំនង អាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ាន តាមរយៈបណ្តាញទំនាក់ទំនងទីភ្នាក់ងារទេសចរណ៍ និងកិច្ចសហការក្នុងវិស័យទេសចរណ៍អាស៊ានផងដែរ។ គួរបញ្ជាក់ថា ការតាំងពិព័រណ៍ទេសចរណ៍ “ASEAN Travel Exchange (TRAVEX)” នេះនឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អ្នកលក់ អ្នកទិញ និងស្តង់ពិព័រណ៍ប្រមាណ២០០ស្តង់ ជាមួយនឹងការដាក់តាំងបង្ហាញផលិតផលទេសចរណ៍ ពីប្រតិបត្តិករទេសចរណ៍ និងទីភ្នាក់ងារមកពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ៕

រូបតំណាង៖ កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន ដែលធ្វើឡើងកាលពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤

You might like