អស់ពីលោក ពូទីន និងលោក នេតាន់យ៉ាហ៊ូ! ព្រះរាជអាជ្ញា ICC ស្នើចេញដីកាចាប់ខ្លួន​មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា

ទីក្រុងឡាអេ៖ ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិឬហៅកាត់ជាភាសាអង់គ្លេសថា ICC លោកការីម ខាន់ បាននិយាយកាលពីថ្ងៃពុធទី២៧ វិច្ឆិកាថា លោកនឹងស្វែងរកដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ធ្វើទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

លោកការីម ខាន់ 
លោកការីម ខាន់ 

នៅក្នុងសំណើសុំដីកានេះ លោកការីម ខាន់ បានចោទប្រកាន់ថា ឧត្តមសេនីយ៍ឯក មីន អ៊ុងឡាំង មានទំនួលខុសត្រូវព្រហ្មទណ្ឌចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្នែកខ្លះនៃប្រទេសបង់ក្លាដែស ចន្លោះថ្ងៃទី២៥ ខែសីហា និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ លោក ខាន់ បានធ្វើទស្សនកិច្ចជាច្រើនដងទៅកាន់តំបន់ Cox’s Bazar ជាកន្លែងដែលលោកបានស្តាប់សក្ខីកម្មពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់។ សំណើរបស់លោក ខាន់ កំពុងរង់ចាំការយល់ព្រមពីចៅក្រម ICC មុនពេលវាអាចត្រូវបានអនុម័ត។

លោក មីន អ៊ុងឡាំង
លោក មីន អ៊ុងឡាំង

ជនជាតិរ៉ូហ៊ីងយ៉ា មួយលាននាក់បានភៀសខ្លួន ភាគច្រើនទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញរបស់យោធាមីយ៉ាន់ម៉ាដែលបានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០១៧ ។ ទាហាន ប៉ូលិស និងអ្នកកាន់សាសនាព្រះពុទ្ធត្រូវបានចោទប្រកាន់ដោយអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិថា បានវាយឆ្មក់ភូមិរាប់រយក្នុងរដ្ឋរ៉ាឃីនភាគខាងលិចដាច់ស្រយាលរបស់ប្រទេសមីយ៉ាន់ម៉ា ដោយធ្វើទារុណកម្មអ្នកស្រុកនៅពេលដែលពួកគេបានភៀសខ្លួន ប្រព្រឹត្តការសម្លាប់រង្គាល និងការរំលោភ។ យ៉ាងណាមិញ មីយ៉ាន់ម៉ាបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងក្តែងៗថា កងកម្លាំងសន្តិសុខកំពុងធ្វើប្រតិបត្តិការស្របច្បាប់ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ដែលបានវាយប្រហារប៉ុស្តិ៍ប៉ូលិស។ ជនភៀសខ្លួនភាគច្រើនឥឡូវនេះរស់នៅក្នុងជំរំជនភៀសខ្លួនតំបន់ Cox’Bazar ក្នុងប្រទេសបង់ក្លាដែស។

លោក ម៉ូហាម៉េដ ហ្សូបៀ (Mohammed Zubair) អ្នកស្រាវជ្រាវរ៉ូហ៊ីងយ៉ារស់នៅក្នុងជំរំជនភៀសខ្លួនបង់ក្លាដែស បានលើកឡើងថា៖«គាត់[មីន អ៊ុងឡាំង] ទទួលខុសត្រូវចំពោះការរៀបចំអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរ៉ូហ៊ីងយ៉ាស្លូតត្រង់។ ក្រោមការបញ្ជារបស់គាត់ យោធាបានសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ហើយស្ត្រី និងក្មេងស្រីរាប់មិនអស់ទទួលរងហិង្សាផ្លូវភេទដ៏គួរឱ្យរន្ធត់»។ ជនជាតិរ៉ូហ៊ីងយ៉ា បានសាទរចំពោះដំណឹងនេះ។ មេដឹកនាំសង្គមស៊ីវិល ហ៊ីងយ៉ា សាយូដ អាឡាំ (Sayod Alam) ដែលរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស បាននិយាយថា៖«យើងរីករាយដែលបានឮអំពី ICC ចេញដីកាចាប់ខ្លួនប្រឆាំងនឹងមេបញ្ជាការយោធាមីយ៉ាន់ម៉ាមីន អ៊ុងឡាំង។ វា​ជា​ជោគជ័យ​សម្រាប់​យើង»។

យ៉ាងណាមិញ របបយោធាកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា​ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«ប្រទេសនេះមិនមែនជាសមាជិកនៃតុលាការនោះទេ ហើយថាខ្លួនមិនទទួលស្គាល់សេចក្តីថ្លែងការណ៍របស់ពួកគេឡើយ»។ គួរជម្រាបជូនថា ICC បានស៊ើបអង្កេតឧក្រិដ្ឋកម្មលើឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាអស់រយៈពេលជិត៥ឆ្នាំមកហើយ។ ការស៊ើបអង្កេតរបស់ខ្លួនមិនត្រឹមតែត្រូវបានរារាំងដោយកង្វះសិទ្ធិចូលទៅកាន់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែប្រទេសមីយ៉ាន់ម៉ាមានភាពចលាចលចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយម្ចាស់ជ័យលាភីណូបែលលោកស្រី អ៊ុងសាន ស៊ូជី ក្នុងឆ្នាំ ២០២១ បង្កឱ្យមានចលនាតស៊ូដែលបានចាប់ផ្តើមជាការតវ៉ាដោយសន្តិវិធី។ ហើយក្រោយមកបានវិវត្តទៅជាការបះបោរប្រដាប់អាវុធនៅតំបន់ច្រើន។

ចំណាត់ការរបស់រដ្ឋអាជ្ញា ICC កើតឡើងនៅពេលដែលការិយាល័យរបស់លោកប្រឈមមុខនឹងការរិះគន់ផ្នែកនយោបាយយ៉ាងខ្លាំងក្លាពីសហរដ្ឋអាម៉េរិក ក្នុងចំណោមប្រទេសផ្សេងទៀត ជុំវិញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ និងអតីតប្រមុខការពារជាតិអ៊ីស្រាអែល លោក យ៉ូវ ហ្គាឡិន (Yoav Gallant)។ ដោយមានសមាជិកចំនួន ១២៤ ប្រទេស ICC កាត់ទោសបុគ្គលចំពោះឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការឈ្លានពាន។ ដោយ​គ្មាន​កម្លាំង​ប៉ូលិសចាប់​ខ្លួនជនជាប់ចោទ ស្ថាប័ននេះ​ពឹង​ផ្អែក​លើ​រដ្ឋជាសមាជិក​ដើម្បី​ធ្វើ​រឿង​នេះ។ មហាអំណាចពិភពលោក សហរដ្ឋអាម៉េរិក រុស្ស៊ី ចិន និងឥណ្ឌា មិនបានចុះហត្ថលេខាលើ ICC ទេ។ ICC ត្រូវបានគាំទ្រដោយសហភាពអឺរ៉ុប អូស្ត្រាលី កាណាដា អង់គ្លេស ប្រេស៊ីល ជប៉ុន និងបណ្តាប្រទេសអាហ្វ្រិក និងអាម៉េរិកឡាទីនរាប់សិប។

លោក បេនចាមីន នេតាន់យ៉ាហ៊ូ 
លោក បេនចាមីន នេតាន់យ៉ាហ៊ូ 

គួរបញ្ជាក់ថា ICC ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​​មេដឹកនាំ​ជាច្រើនរូប​រួម​មាន​លោក នេតាន់យ៉ាហ៊ូ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​អតីតប្រធានាធិបតីស៊ូដង់ លោក អូម៉ា អាល់-បាសៀរ (Omar al-Bashir) ។ រហូតមកដល់ពេលនេះ មានតែប្រមុខរដ្ឋមួយរូបគត់ គឺលោក អ៊ូហ៊ូរូ កេនយ៉ាតា (Uhuru Kenyatta) របស់ប្រទេសកេនយ៉ា ដែលត្រូវបានចោទប្រកាន់ដោយ ICC មុនពេលគាត់ត្រូវបានជ្រើសរើសជាប្រធានាធិបតីក្នុងឆ្នាំ២០១៣ បង្ហាញខ្លួននៅក្នុងតុលាការដើម្បីប្រឈមមុខនឹងការចោទប្រកាន់។ ករណីនេះត្រូវបានទម្លាក់ចោលនៅពេលក្រោយ៕

លោក វ្ល៉ាឌីមៀ ពូទីន
លោក វ្ល៉ាឌីមៀ ពូទីន

You might like