មហាយក្ស​ចិន​អាច​ប្រើដំណើរ​ទស្សនកិច្ច​ទៅប៉ាស៊ីហ្វិក​របស់​ប្រធានាធិបតីតៃវ៉ាន់ ជាលេសដើម្បីធ្វើ​សមយុទ្ធ​យោធា​

តៃប៉ិ៖ មហាយក្សចិន ទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធានៅប៉ុន្មានថ្ងៃខាងមុខ នៅជិតកោះតៃវ៉ាន់ ដោយប្រើការធ្វើដំណើរនាពេលខាងមុខរបស់ប្រធានាធិបតី ឡៃ ជីងតេ ទៅកាន់ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក និងការឆ្លងកាត់សហរដ្ឋអាម៉េរិកជាលេស។ នេះបើយោងតាមការវាយតម្លៃរបស់តៃវ៉ាន់ និងមន្ត្រីសន្តិសុខក្នុងតំបន់។

លោកប្រធានាធិបតី ឡៃ ជីងតេ
លោកប្រធានាធិបតី ឡៃ ជីងតេ

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា លោក ឡៃ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តការទូត៣ របស់ទីក្រុងតៃប៉ិនៅតំបន់ប៉ាស៊ីហ្វិក នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ លោកកំពុងរៀបចំផែនការឈប់សំចតនៅរដ្ឋហាវ៉ៃ និងកោះហ្គាំ ជាទឹកដីរបស់សហរដ្ឋអាម៉េរិក ក្នុងដំណើរទស្សនកិច្ចដ៏រសើបបន្ទាប់ពីការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិក។ ការិយាល័យរបស់លោក ឡៃ មិនទាន់បានបញ្ជាក់ពីព័ត៌មានលម្អិតអំពីការឈប់សំចតជាផ្លូវការនៅសហរដ្ឋអាម៉េរិកនៅឡើយទេ ប៉ុន្តែត្រូវបានរំពឹងថា នឹងបញ្ចេញព័ត៌មានទាក់ទងនឹងបញ្ហានេះក្នុងពេលឆាប់ៗ មុនការចេញដំណើររបស់ប្រធានាធិបតី។

យោងតាមមន្ត្រីក្នុងតំបន់ចំនួន៤ នាក់ដែលបដិសេធមិនបង្ហាញអត្តសញ្ញា​ រដ្ឋធានីប៉េកាំង អាចនឹងធ្វើសមយុទ្ធយោធានៅអំលុង ឬភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ឡៃ ដែលបញ្ចប់នៅថ្ងៃទី៦ ខែធ្នូ។ លោក​ ចេន ប៊ីនហួ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានឱ្យដឹងថា ការឈប់សំចតរបស់លោក ឡៃ គឺជាទង្វើបង្កហេតុបំពានគោលការណ៍ចិនតែមួយ។ សូមជម្រាបជូនថា ចិនបានរៀបចំសមយុទ្ធធំៗចំនួន២ លើកជុំវិញកោះតៃវ៉ាន់ក្នុងឆ្នាំ ដើម្បីដាក់សម្ពាធលើទីក្រុងតៃប៉ិ មួយនៅក្នុងខែឧសភា និងមួយទៀតនៅក្នុងខែតុលា ដែលត្រូវបានគេហៅថា Joint Sword-2024 A និង B រៀងគ្នា។

មន្ត្រីសន្តិសុខតៃវ៉ាន់អះអាងថា​ ចិនអាចរៀបចំឡើងវិញនូវសកម្មភាពយោធាជាប្រចាំនៅសមុទ្ទចិនខាងត្បូង ឬសមុទ្ទចិនខាងកើត ដោយផ្លាស់ទីពួកវាឱ្យខិតទៅជិតកោះតៃវ៉ាន់ ហើយប្តូរឈ្មោះពួកគេថា Joint Sword – 2024 C។ ប្រភពបន្តថា រដ្ឋធានីប៉េកាំងអាចពង្រីកទំហំនៃការល្បាតត្រៀមប្រយុទ្ធរួមគ្នាជាប្រចាំរបស់ខ្លួន ជាធម្មតាពាក់ព័ន្ធនឹងសមយុទ្ធកងទ័ពជើងទឹក និងទ័ពអាកាសនៅជិតកោះតៃវ៉ាន់ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ឡៃ និងចាប់ផ្តើមសមយុទ្ធគោលដៅឆ្ពោះទៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច។ ប្រភពបានបន្ថែមថា នាវាកងទ័ពជើងទឹកចិនចន្លោះពី២០ទៅ៣០គ្រឿង បានចូលរួមនៅក្នុងសមយុទ្ធយោធាដែលកំពុងបន្តនៅសប្តាហ៍នេះ នៅក្នុងសមុទ្ទចិនខាងត្បូង៕

You might like