វ៉ាស៊ីនតោន៖ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍របស់លីបង់ បានចូលជាធរមាននៅម៉ោង ៩ ព្រឹក (ម៉ោងកម្ពុជា) នៅថ្ងៃពុធទី២៧ ខែវិច្ឆិកា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បាននិយាយថាភាគីទាំងពីរបានទទួលយកកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក និងបារាំង។

កិច្ចព្រមព្រៀងនេះបានជម្រះផ្លូវសម្រាប់ការបញ្ចប់ជម្លោះនៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីវាត្រូវបានបញ្ឆេះដោយសង្រ្គាមហ្កាហ្សាកាលពីឆ្នាំមុន។ លោក បៃឌិន បាននិយាយនៅឯសេតវិមានកាលពីថ្ងៃអង្គារភ្លាមៗបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងនេះនៅក្នុងការបោះឆ្នោត១០ ទល់១ ។ លោក បៃឌិន បាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ និងនាយករដ្ឋមន្ត្រីចាំផ្ទះរបស់លីបង់ ណាជីប មីកាទី (Najib Mikati)។ លោក បៃឌិន បាននិយាយថា៖«នេះត្រូវបានរៀបចំឡើងដើម្បីជាការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។ អ្វីដែលនៅសេសសល់ពីក្រុមហេសបូឡាហ៍ និងអង្គការភេរវជនផ្សេងទៀតនឹងមិនត្រូវបានអនុញ្ញាតឱ្យគំរាមកំហែងសន្តិសុខអ៊ីស្រាអែលទៀតទេ»។
យោងតាមលោក បៃឌិន អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនជាបណ្តើរៗក្នុងរយៈពេល ៦០ ថ្ងៃ នៅពេលដែលកងទ័ពរបស់ប្រទេសលីបង់ កាន់កាប់ទឹកដីនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីធានាថា ក្រុមហេសបូឡាហ៍មិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះទេ។ លោកបានបន្តថា៖ «ជនស៊ីវិលទាំងសងខាងនឹងអាចវិលត្រឡប់ទៅសហគមន៍របស់ពួកគេវិញបានក្នុងពេលឆាប់ៗនេះ»។ ទន្ទឹមគ្នានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានរាយរាប់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«កិច្ចព្រមព្រៀងគឺជាចំណុចកំពូលនៃកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងអស់រយៈពេលជាច្រើនខែជាមួយអាជ្ញាធរអ៊ីស្រាអែល និងលីបង់ ដោយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក»។

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់លីបង់បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍កិច្ចព្រមព្រៀងនេះ។ រដ្ឋមន្ត្រីការបរទេសលីបង់ លោក អាប់ដាឡា ប៊ូ ហាប៊ីប (Abdallah Bou Habib) បាននិយាយថា លីបង់នឹងមានទាហានយ៉ាងហោចណាស់ ៥ ០០០ នាក់ត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងប្រទេស ខណៈដែលកងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញ។ ចំណែកឯ លោក នេតាន់យ៉ាហ៊ូ បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តបទឈប់បាញ់ ប៉ុន្តែនឹងឆ្លើយតបដោយបង្ខំចំពោះការរំលោភបំពានដោយក្រុមហេសបូឡាហ៍។ លោកបន្តថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យអ៊ីស្រាអែលផ្តោតលើការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ផ្តល់ឱកាសដល់កងទ័ពដើម្បីសម្រាក និងបំពេញការផ្គត់ផ្គង់។

លោក ចូន ហ្វីនណឺរ (Jon Finer) ទីប្រឹក្សាសន្តិសុខជាតិរងនៅក្នុងរដ្ឋបាល បៃឌិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា រដ្ឋធានីវ៉ាស៊ីនតោននឹងឃ្លាំមើលការរំលោភលើកិច្ចព្រមព្រៀងណាមួយ។ លោកបន្តថា៖«ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងក្លាយជាគន្លឹះ ហើយយើងនឹងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងណាមួយដើម្បីរំខានដល់អ្វីដែលភាគីទាំង២ បានប្តេជ្ញាចិត្តជាផ្នែកនៃដំណើរការថ្ងៃនេះ»។ គួរបញ្ជាក់ថា លោក បៃឌិន ដែលចាកចេញពីតំណែងក្នុងខែមករា បាននិយាយថា រដ្ឋបាលរបស់លោកនឹងបន្តជំរុញឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ក៏ដូចជាកិច្ចព្រមព្រៀងដើម្បីធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតមានលក្ខណៈប្រក្រតី៕
