រដ្ឋមន្ត្រីការពារជាតិចិន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»

ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) ស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ ដែលជាផ្នែកមួយនៃការរស៊ើបអង្កេតប្រឆាំងអំពើពុករលួយដ៏ទូលំទូលាយរបស់ប្រទេសចិន។ នេះបើតាមសារព័ត៌មាន Financial Times បានចុះផ្សាយនៅថ្ងៃពុធទី២៧ ខែវិច្ឆិកា។ ការបោសសម្អាតអំពើពុករលួយដោយបក្សកុម្មុយនីស្ដចិន បានបណ្តាលឱ្យមានការរុះរើក្បាលម៉ាស៊ីនដឹកនាំកងទ័ពរំដោះប្រជាជនចិនជាច្រើននាក់ ក៏ដូចជាបញ្ចប់មុខដំណែងរដ្ឋមន្រ្តីការពារជាតិប៉ុន្មានរូបរួចមកហើយ។

លោក ដុង ជុន
លោក ដុង ជុន

សារព័ត៌មាន Financial Times បានរាយការណ៍ថា លោក ដុង ជុន ជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនទី៣ ដែលត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ បក្សកុម្មុយនីស្ដចិនបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិ លោក លី សាំងហ្វូ និងលោក ​វ៉ី ហ្វឹងហឺ ពីបទពុករលួយ។ ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ដុង ទទួល​ខុស​ត្រូវ​លើ​ការ​ទូត​យោធា​របស់​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត។

សូមរំឭកថា លោក លី សាំងហ្វូ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ក្នុង​ខែ​តុលា ឆ្នាំ២០២៣ បន្ទាប់​ពី​ចូល​កាន់​តំណែងបាន៧ខែ។ លោក វ៉ី បានកាន់តួនាទី ជារដ្ឋមន្ត្រីការពារជាតិពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣។ ទាំងលោក លី និងលោក​វ៉ី ហ្វឹងហឺ ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្ដចិនពីបទ«បំពានវិន័យយ៉ាងធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ គួរបញ្ជាក់ថា រដ្ឋធានីប៉េកាំងបានប្រើវិធានការក្តៅលើការបោសសម្អាតអំពើពុករលួយនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធកាលពីឆ្នាំមុន ដែលជាយន្តការកណ្តាប់ដៃដែកបោសសម្អាតអំពើពុករលួយរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង

You might like