ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា រៀបចំថវិកាមួយកញ្ចប់ធំ ដែលមានទំហំរង្វង់១០០លានដុល្លារ ដើម្បីទុកចំណាយតែទៅលើកិច្ចការវាស់វែងដីធ្លីជូនប្រជាជន។ រាជរដ្ឋាភិបាល កំណត់ទិសដៅបញ្ចប់ទំនាស់ដីធ្លីក្នុងសង្គមកម្ពុជា ឱ្យបានទាំងស្រុងតែម្តង ក្នុងអាណត្តិទី៧នេះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីកញ្ចប់ថវិកា១០០លានដុល្លារ និងផែនការបញ្ចប់បញ្ហាដីធ្លីទាំងស្រុងនេះ ក្នុងពិធីបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងរៀបចំដែនដី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលទទួលកញ្ចប់ថវិកា១០០លានដុល្លារ និងធ្វើកិច្ចការបង្ហើយការវាស់វែងដីធ្លីនេះ។
បើតាមសម្តេចនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលជំនាន់មុន វាស់វែងបាន៧,៧លានក្បាលដីជូនប្រជាជន ហើយចូលដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលចាប់ផ្តើមដំណើរការពីខែសីហា ឆ្នាំ២០២៣មក ក៏វាស់វែងជូនប្រជាជនបាន៣លានក្បាលដីបន្ថែមទៀត។ សម្តេចធិបតី បញ្ជាក់ថា នៅសល់ក្បាលដី១លានកន្លះទៀត ដែលត្រូវបន្តវាស់វែងជូនប្រជាជន។ សម្តេច ជំរុញឱ្យក្រសួងរៀបចំដែនដី ដែលមានលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជារដ្ឋមន្រ្តី ត្រូវពន្លឿនវាស់វែងក្បាលដីដែលនៅសល់ទាំងនេះ ជូនប្រជាជនឱ្យបានចប់សព្វគ្រប់តាមការគ្រោងទុក។ ជាមួយគ្នានេះ សម្តេច ប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាជនឱ្យបានលឿន ក្រោយពីក្រសួងរៀបចំដែនដី ចុះបញ្ជី និងចេញបណ្ណទាំងនោះរួចរាល់។

សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុកការវាស់វែង និងការចុះបញ្ជីដីធ្លីជូនប្រជាជនឱ្យបានទាំងស្រុង ថាជាការពន្លត់ភ្លើងក្នុងសង្គម។ ប្រមុខរាជរដ្ឋាភិបាល ថែមទាំងប្រៀបប្រដូចការវាស់វែងដីធ្លីជូនប្រជាជនឱ្យបានត្រឹមត្រូវតាមច្បាប់នេះ ថាជាការធ្វើឱ្យមូលធន (ដីធ្លី) ដែលងាប់ បានរស់ឡើងវិញ។ «កិច្ចការ[វាស់វែងដីធ្លី]នេះ គឺយើងកំពុងអនុវត្ត..ប្រទេសជាច្រើន នៅជាប់បញ្ហាមូលធនងាប់។ យើងធ្វើវាឱ្យរស់ឡើងវិញ..តាមរយៈការវាស់វែង និងចេញបណ្ណ ដើម្បីឱ្យក្លាយទៅជាទ្រព្យរស់របស់ប្រជាពលរដ្ឋ ហើយយើងត្រូវខិតខំ ដើម្បីឱ្យ[ប្រជាពលរដ្ឋ]ទទួលបានគ្រប់គ្នា» នេះគឺជាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលទៅកាន់មន្រ្តីពាក់ព័ន្ធទាំងអស់៕

