កូនស្រីលោក Duterte ថា ខ្លួនគ្មានគម្រោងធ្វើឃាតប្រធានាធិបតីទេ គ្រាន់និយាយចោលប៉ុណ្ណោះ

អន្តរជាតិះ – កាលពីថ្ងៃអង្គារទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ អនុប្រធានាធិបតីហ្វីលីពីននិងត្រូវជាកូនស្រីអតីតប្រធានាធិបតី Rodrigo Duterte គឺអ្នកស្រី Sara Duterte បានចូលបង្ហាញខ្លួននៅចំពោះមុខក្រុមអ្នកស៊ើបអង្កេតនៃក្រសួងយុត្តិធម៌ហើយ ដើម្បីបំភ្លឺអំពីរឿងរ៉ាវដែលអ្នកស្រីបានគំរាមសម្លាប់លោកប្រធានាធិបតី Ferdinand Marcos Jr ដោយអះអាងថា ខ្លួននិយាយចោលទេ គ្មានផែនការអ្វីឡើយ។

– អំឡុងពេលបកស្រាយនោះ អ្នកស្រីនិយាយថា នាងគ្មានគម្រោងធ្វើឃាតប្រធានាធិបតីទេ ការគំរាមធ្វើឃាតនោះ គឺគ្រាន់តែចង់បង្ហាញពីការមិនពេញចិត្តរបស់អ្នកស្រី ចំពោះអ្នកដែលធ្លាប់ជាសម្ព័ន្ធមិត្តជាមួយគ្នាប៉ុណ្ណោះ សម្តីរបស់អ្នកស្រីគឺចង់បង្ហាញពីការមិនពេញចិត្ត ដែលមេដឹកនាំគ្មានសមត្ថភាពបម្រើប្រជាជនហ្វីលីពីន ហើយមកធ្វើទុក្ខបុកម្នេញសត្រូវនយោបាយមិនចេះឈប់។

– ស្របពេលជាមួយគ្នានោះលោកស្រីក៏និយាយដែរថា ការចោទប្រកាន់របស់រដ្ឋាភិបាលគឺជ្រុលពេកហើយ ត្រូវមានសុភវិនិច្ឆ័យគ្រប់គ្រាន់ ដែលត្រូវយល់និងទទួលស្គាល់ថា សកម្មភា​ពសងសឹក មិនមែនតាមរយៈការគំរាមកំហែងនោះទេ នាងគ្រាន់តែនិយាយចោលប៉ុណ្ណោះ។

– សូមបញ្ជាក់ថា សព្វថ្ងៃ ប្រទេសហ្វីលីពីន កំពុងជួបវិបត្តិនយោបាយ ក្រោយពេលអ្នកស្រី Sara Duterte គំរាមសម្លាប់មិនត្រឹមប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភរិយារបស់គាត់ឈ្មោះ Liza Araneta-Marcos និងប្អូនជីដូនមួយឈ្មោះ Martin Romualdez ដែលកាន់តំណែងជាប្រធានរដ្ឋសភាទៀតផង។ អ្នកស្រីគំរាមថា បើអ្នកស្រីស្លាប់មែន លោក Marcos ក៏មិនរួចខ្លួនដែរ ឃាតករក៏នឹងទៅសម្លាប់លោកដូចគ្នា។

– ពាក់ព័ន្ធរឿងនេះ មកដល់ថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ លោក Marcos បានប្តេជ្ញាវាយបក ដោយចេញសារជាវីដេអូនិយាយខ្លាំងៗថា មិនត្រូវឲ្យផែនការឧក្រិដ្ឋកម្មបែបនេះ ធ្វើឡើងបាននោះទេ! ត្រូវតែចាត់វិធានការដើម្បីកម្ទេច!

– លោកនិយាយថា «មាន​ការ​ប្រើ​ពាក្យពេច៍​ប្រមាថនិង​គំរាម​សម្លាប់​យើង ទាំង​មិនចេះគិត ​ខ្ញុំ​នឹង​ប្រយុទ្ធ​ជាមួយ​ពួកគេ ​ប្រសិន​បើ​ការ​រៀបគម្រោង​ធ្វើ​ឃាត​​ប្រធានាធិបតី អាចធ្វើស្រួលៗបែបនេះ ចុះតើចំពោះ​ពលរដ្ឋ​សាមញ្ញនឹងទៅជាយ៉ាងណាទៅ?»។

– តាមពិតទៅ លោក Marcos និងគ្រួសារលោក Duterte មិនត្រូវគ្នាយូរមកហើយ ត្បិតតែកូនស្រីលោក Duterte កាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីនក៏ពិតមែន ភាគីទាំងសងខាងតែងប៉ះសម្តី ជាពិសេសចាប់តាំងពីការដួលរលំនៃសម្ព័ន្ធភាពរវាងគ្រួសារដ៏មានអំណាចទាំងពីរ ក្រោយលោក Marcos ឈ្នះការបោះឆ្នោតឆ្នាំ២០២២យ៉ាងលើសលប់៕

You might like