
នៅឯការតាំងពិពណ៌យោធា កាលពីថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា នៅរដ្ឋធានីព្យុងយ៉ាង លោក គីម ជុងអ៊ុន លើកឡើងថា ពីមុន! លោកធ្លាប់មានបទពិសោធចរចាជាមួយរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែវ៉ាស៊ីនតោនគ្មានអ្វីក្រៅតែបង្ហាញពីគោលនយោបាយ ឈ្លានពាន និងអរិភាព ប្រឆាំងនឹងរដ្ឋធានីព្យុងយ៉ាងនោះទេ។ លើសពីនេះ លោកសង្កត់ធ្ងន់ថា៖«មិនដែលធ្លាប់មានភាគីណាមួយអុចភ្លើងសង្រ្គាមនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដ៏គ្រោះថ្នាក់ និងស្រួចស្រាវបែបនេះពីមុនមកទេ។ យើងបានព្យាយាមចរចាជាមួយអាម៉េរិកតាមដែលអាចធ្វើបាន ប៉ុន្តែអ្វីដែលយើងដឹងច្បាស់ពីលទ្ធផល គឺមិនមែនជាឆន្ទៈរបស់មហាអំណាចក្នុងការរួមរស់ក្នុងពិភពលោកតែមួយនោះទេ។ ផ្ទុយទៅវិញ អាម៉េរិកសម្ញែងអំណាច គោលនយោបាយឈ្លានពាន និងអរិភាពចំពោះយើងដែលមិនអាចផ្លាស់ប្ដូរបាន»។ នេះបើតាម KCNA។
មែនទែនទៅ លោក គីម បានអំពាវនាវឱ្យមានការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសព្វាវុធទំនើបបំផុត ហើយបានប្តេជ្ញាបន្តពង្រឹងសមត្ថភាពការពារជាតិ ដើម្បីពង្រឹងជំហរយុទ្ធសាស្ត្ររបស់ប្រទេស។ ការអំេពាវនាវរបស់លោក គីម កើតឡើងចំពេលមានការរិះគន់ពីអន្តរជាតិដូចទឹកបាក់ទំនប់ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងរបបព្យុងយ៉ាង និងរបបមូស្គូ ដោយកូរ៉េខាងជើង បានបញ្ជូនទាហានជាង១ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ការណ៍នេះ កើតឡើងគាប់ជួននឹងលោក គីម បានជំរុញឱ្យយោធាបង្កើនសមត្ថភាពសម្រាប់ប្រយុទ្ធនឹងសង្រ្គាមជាក់ស្តែង ខណៈរដ្ឋធានីព្យុងយ៉ាង បានបន្ទោសសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តចំពោះការរុញភាពតានតឹងដល់ដំណាក់កាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ៕


