លោក Biden ក្លាយជាប្រធានាធិបតីអាមេរិកទី ១ ដែលទៅទស្សនាព្រៃអាម៉ាហ្សូន

អន្តរជាតិះ- លោក Joe Biden បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលទៅទស្សនាព្រៃ Amazon នៅថ្ងៃអាទិត្យ ជាកន្លែងដែលគាត់បានលើកឡើងពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Manaus ដែលជាទីក្រុងធំជាងគេនៅតំបន់ Amazon របស់ប្រទេសប្រេស៊ីលថា ថ្ងៃនេះខ្ញុំមានមោទនភាពណាស់ដែលបានមកទីនេះ ដែលជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានទៅទស្សនាព្រៃអាម៉ាហ្សូន ដើម្បីប្តេជ្ញាចិត្តការពារព្រៃទឹកភ្លៀងបែបនេះ។

– លោក បៃ ដិន បានលើកទ្បើងថា ដំណោះស្រាយដ៏មានឥទ្ធិពលបំផុតដែលយើងត្រូវប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុគឺនៅជុំវិញយើង គឺជាព្រៃឈើរបស់ពិភពលោក ខណដើមឈើដកដង្ហើមកាបូនឌីអុកស៊ីតចេញពីបរិយាកាស។

– នៅក្នុងសុន្ទរកថាមួយ លោក Biden ក៏បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើ និងបាននិយាយថា ការប្រែប្រួលអាកាសធាតុគឺជា ការគំរាមកំហែងដែលមានស្រាប់ ដែលជាបញ្ហាប្រឈមមុខនឹងប្រទេសទាំងអស់លើពិភពលោក។

– លោក Biden ក៏បានលើកទ្បើងផងដែរថា សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អាមេរិកនឹងកៀងគរប្រាក់រាប់រយលានដុល្លារក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនប្រេស៊ីលដើម្បីដាំដើមឈើ Amazon ឡើងវិញ។ លោកបានបន្តថា “ទីពីរ យើងកំពុងបើកដំណើរការសម្ព័ន្ធហិរញ្ញវត្ថុស្តារ និងជីវសេដ្ឋកិច្ចប្រេស៊ីល ដើម្បីប្រមូលប្រាក់យ៉ាងហោចណាស់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដើម្បីស្ដារ និងការពារផ្ទៃដីចំនួន ២០,០០០ ម៉ាយការ៉េ (៥១,៧៩៩ គីឡូម៉ែត្រក្រឡា) ។

– លោក Biden ក៏បានប្រកាសបន្ថែម ៥០ លានដុល្លារដល់មូលនិធិ Amazon ផងដែរ។ ក្រោយ​មក លោក​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​មួយ​ដើម្បី​ប្រកាស​ថ្ងៃ​ទី ១៧ វិច្ឆិកា ជា​ទិវា​អភិរក្ស​អន្តរជាតិ។

– ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ លោក Biden បានធ្វើដំណើរតាមអាកាសលើព្រៃ Amazon និង Museu da Amazônia ក្នុងតំបន់ ដែលគាត់បានចូលរួមជាមួយមេដឹកនាំជនជាតិដើមភាគតិច អ្នកការពារបរិស្ថាន អ្នកអភិរក្ស និងសហគ្រិន។

– លោក Biden បានស្ថិតនៅក្នុងប្រទេសប្រេស៊ីល ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 នៅទីក្រុង Rio de Janeiro ដែលគ្រោងធ្វើនៅថ្ងៃទី ១៨ និង ១៩ ខែវិច្ឆិកា ជាមួយនឹងវត្តមានរបស់មេដឹកនាំនៃប្រទេសសមាជិកទាំង ១៩ ផ្សេងទៀត៕

You might like