កីឡា៖ – ក្រុមតោកំណាចអង់គ្លេស បានបំបាក់គូប្រជែងសាធារណរដ្ឋអៀរឡង់ ៥ទល់នឹង០ កាលពីរាត្រីថ្ងៃអាទិត្យ ជាមួយប្រកួតចុងក្រោយរបស់គ្រូបង្វឹកស្តីទី លោក Lee Carsley មុនពេលវិលត្រឡប់ទៅដឹកនាំឈុតយុវជនអាយុក្រោម ២១ឆ្នាំអង់គ្លេសជាថ្មី។
– បុរសវ័យ ៥០ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំតោកំណាចអង់គ្លេសកាលពីដើមខែសីហា ឆ្នាំ២០២៤ ដើម្បីជំនួសកៅអីគ្រូបង្វឹក Gareth Southgate ដែលបានលាឈប់ ក្រោយចប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់ ជាអ្វីដែលលោកដឺកនាំបាន ៦ប្រកួត ឈ្នះ៥ និងចាញ់១ នៅពានលីគអឺរ៉ុប UEFA Nations League 2024-2025។
– ១ប្រកួតចុងក្រោយរបស់លោក Carsley គឺអង់គ្លេសយកបាន ៣ពិន្ទុដោយស្រួលក្នុងដី និងបន្តឈរទីកំពូលតារាងប្រចាំ League B ក្រុម២ ដែលមាន ១៥ពិន្ទុស្មើក្រុមលេខ២ ក្រិចផងដែរ។
– លោក Lee Carsley បានកោះហៅកីឡាករ ៨រូបមកពីឈុត U21 ដែលបានរួមចំណែកជួយអង់គ្លេសឈ្នះជើងឯកពានអឺរ៉ុប កាលឆ្នាំ២០២៣ ក្នុងជ័យជម្នះផ្តាច់ព្រ័ត្រទៅលើគូប្រជែងអេស្ប៉ាញ ដើម្បីបំពេញបន្ថែមក្នុងឈុតធំអង់គ្លេស លេង ៦ប្រកួតនៅ Nations League ជំនាន់ទី៤ មុនពេលបេសកកម្មរបស់លោកត្រូវបានបញ្ចប់នៅ Wembley ដោយទុកតួនាទីធំនេះដល់គ្រូបង្វឹកអាល្លឺម៉ង់ Thomas Tuchel ដឹកនាំវិញម្តង ក្រោមកិច្ចសន្យា ១៨ខែ៕
