អន្តរជាតិះ- ដោយច្រានចោលជ័យជម្នះរបស់គណបក្ស Georgian Dream Party ដែលកំពុងកាន់អំណាចក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី 26 ខែតុលា ក្រុមបាតុករប្រឆាំងនៅក្នុងប្រទេស Caucasus កាលពីថ្ងៃអាទិត្យបានបិទផ្លូវធំមួយក្នុងរដ្ឋធានី Tbilisi និងដំឡើងតង់សម្រាកនៅនឹងកន្លែងតែម្តង។ ដោយចោទរដ្ឋាភិបាលថាបានក្លែងបន្លំការបោះឆ្នោត ក្រុមបាតុករទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
– ខណៈពេលដែលបាតុកម្មនៅតែបន្តនៅខាងក្រៅអគារសភា មេដឹកនាំ និងអ្នកគាំទ្រនៃប្លុកប្រឆាំងនៃសម្ព័ន្ធដើម្បីការផ្លាស់ប្តូរបានប្រកាសពីការកាន់កាប់ផ្លូវ Ilia Chavchavadze រយៈពេល 24 ម៉ោងផងដែរ។ មេដឹកនាំសម្ព័ន្ធ Nika Gvaramia បាននិយាយថា ពួកគេនឹងពង្រីកការតវ៉ាដោយសន្តិវិធីនៅទូទាំង Tbilisi ថែមទៀត។
– គណបក្ស Georgian Dream ទទួលបានសម្លេង 53.93% នៃការបោះឆ្នោតដោយទទួលបាន 89 អាសនៈនៅក្នុងសភាដែលមានសមាជិក 150។ នេះបើយោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ ប៉ុន្តែគណបក្សប្រឆាំង រួមជាមួយនឹងប្រធានាធិបតី Salome Zourabichvili បានច្រានចោលលទ្ធផលនេះ ដោយចោទប្រកាន់ពីការក្លែងបន្លំ។
– យ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រី Irakli Kobakhidze បានការពារការបោះឆ្នោតថាជាលទ្ធិប្រជាធិបតេយ្យ ហើយបានប្រកាសថាសភានឹងកោះប្រជុំនៅថ្ងៃទី 25 ខែវិច្ឆិកា ទោះបីជាមានការតវ៉ាក៏ដោយ៕
