អុំទូក៣ថ្ងៃ៖ អាកាសធាតុអាចនឹងល្អ ខណៈក្រសួងព្យាករឃើញភ្លៀងធ្លាក់តិចតួចប៉ុណ្ណោះ

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹកព្យាករថា មេឃអាចធ្លាក់ភ្លៀងចន្លោះពី៥ទៅ១០ភាគរយប៉ុណ្ណោះ បើទោះបីជាមានព្យុះចំនួន៣ ដើរលើគន្លងតែមួយក៏ដោយ តែកម្ពុជាទទួលរងឥទ្ធិពលព្យុះនេះតិចតួចបំផុត…។

ក្រសួងធនធានទីក និងឧតុនិយម បញ្ជាក់នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះថា ព្យុះទី២៣ តូរ៉ាជី(Toraji) ជាមួយ ព្យុះទី២៥ យូសាជី (Usagi) កើតនៅសមុទ្ទចិនខាងត្បូង និងព្យុះទី២៤ មែនយី(Man-yi) ដែលកើតនៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានដើរលើគន្លងតែមួយ ហើយនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្ទចិនខាងត្បូង ឈូងសមុទ្ទថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើកម្ពុជា។ ប៉ុន្តែព្យុះទាំង៣នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជាទេ។

យ៉ាងណា ក្រសួងថា ស្ថានភាពបែបនេះធ្វើឱ្យ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៤ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី ៥ភាគរយ។

ដោយឡែក តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរម០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ។ ដ្បិតកម្ពុជាបន្តមានភ្លៀងធ្លាក់តិចតួចដោយសាររងឥទ្ធិពលព្យុះក្ដី តែស្ថានភាពទឹកទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ បាននិងកំពុងស្រកជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក៕

You might like