ប៉ារីស៖ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូដ (Mark Rutte) បានលើកឡើងនៅថ្ងៃអង្គារទី ១២ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធាដែលកំពុងរីកចម្រើនរបស់រុស្ស៊ីជាមួយប្រទេសចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ កំពុងគំរាមកំហែងដល់អឺរ៉ុប ឥណ្ឌូប៉ាស៊ីហ្វិក និងអាម៉េរិកខាងជើង។
លោក រូដ នៅសារទៅកាន់រដ្ឋបាលអាម៉េរិក នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រៀមចូលកាន់តំណែងនោះ បានគូសបញ្ជាក់អំពីសារសំខាន់នៃឯកភាពឆ្លងមហាសមុទ្រអាត្លង់ទិច និងបន្តការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី។ ថ្លែងមុនពេលពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) លោក រូដ បានគូសបញ្ជាក់ពីអ្វីដែលលោកមើលឃើញថាជាគ្រោះថ្នាក់ ដែលបង្កឡើងដោយជំនួយយោធាកូរ៉េខាងជើង និងអ៊ីរ៉ង់សម្រាប់រុស្ស៊ី។ លោកបានកត់សម្គាល់យ៉ាងដូច្នេះថា៖ «ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនគាំទ្រសេដ្ឋកិច្ចរបស់រុស្ស៊ី បើកដំណើរការឧស្សាហកម្មការពារជាតិរបស់ខ្លួន និងពង្រីកការឃោសនារបស់ខ្លួននៅទូទាំងឆាកពិភពលោក។ រុស្ស៊ីធ្វើការរួមគ្នាជាមួយកូរ៉េខាងជើង អ៊ីរ៉ង់ និងចិនមិនត្រឹមតែគំរាមកំហែងដល់អឺរ៉ុបប៉ុណ្ណោះទេ វាគំរាមកំហែងដល់សន្តិភាព និងសន្តិសុខផងដែរ នៅអឺរ៉ុប ក៏ដូចជានៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងនៅអាម៉េរិកខាងជើងផងដែរ»។

លោក ត្រាំ បានរិះគន់ទំហំនៃជំនួយរបស់លោកខាងលិចដល់រដ្ឋធានីកៀវ ហើយអះអាងថា លោកនឹងបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែនយ៉ាងឆាប់រហ័ស តែមិនបានបញ្ជាក់ដោយរបៀបណាឡើយ។ ជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិក បានបង្កឱ្យមានការព្រួយបារម្ភនៅរដ្ឋធានីកៀវ និងរដ្ឋធានីអឺរ៉ុបផ្សេងទៀតអំពីកម្រិតនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកនាពេលអនាគតក្នុងការជួយអ៊ុយក្រែន។ ប្រទេសរុស្ស៊ីកំពុងសម្រុកវាយលុកក្នុងអត្រាដ៏លឿនបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ២០២២ ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ ហើយអ៊ុយក្រែនបានអះអាងកាលពីសប្តាហ៍មុនថា ខ្លួនបានប៉ះទង្គិចជាមួយទាហានកូរ៉េខាងជើងមួយចំនួន ក្នុងចំណោមទាហានសរុបប្រមាណ ១១ ០០០ នាក់ ដែលបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៊ី៕

