កីឡា ៖ – អ្នកចាត់ការបណ្ដោះអាសន្នរបស់ Manchester United លោក Ruud van Nistelrooy បាននិយាយថា មិនប្រាកដក្នុងចិត្តទេ ថាតើលោកនឹងបន្តកាន់តួនាទីជាគ្រូជំនួយទៀត ឬក៏យ៉ាងណា បន្ទាប់ពីដឹកនាំលេង ២ប្រកួតចុងក្រោយក្នុងសប្តាហ៍នេះ។
– បុរសសញ្ជាតិហូឡង់ខាងលើនៅសល់ ២ប្រកួត ក្នុងចំណោម ៤ប្រកួតរបស់បិសាចក្រហម ដែលត្រូវបានតែងតាំងដឹកនាំបណ្តោះអាសន្ន ជំនួសកៅអីលោក Erik ten Hag ដែលត្រូវបានដកតំណែងកាលពីខែតុលា ឆ្នាំ២០២៤។
– នៅក្រោយពេលបញ្ចប់ការប្រកួតទល់នឹង PAOK នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ និង Leicester City នៅរាត្រីថ្ងៃអាទិត្យចុង សប្តាហ៍នេះរួចមក លោក Van Nistelrooy បានថ្លែងប្រាប់ក្នុងសន្និសីទ មុនប្រកួតនៅ Europa League យប់នេះថា «វាលំបាកក្នុងការនិយាយរឿងអនាគតនៅពេលនេះ ហើយក៏កំពុងទន្ទឹងរង់ចាំការជជែកគ្នាដែរ។ អ្វីដែលសំខាន់នៅពេលនេះ គឹផ្តោតលើការធ្វើឱ្យបានល្អ និងទំនួលខុសត្រូវ។ លើសពីនេះទៀត ខ្ញុំក៏សូមស្វាគមន៍លោក Ruben Amorim ក្នុងការមកកាន់ Old Trafford។ ខ្ញុំក៏រីករាយក្នុងការជួយគាត់នៅទីនេះដែរ»។
– គួររំលឹកផងថា ស្ថិតក្រោមការបង្វឹករបស់លោក Ruud van Nistelrooy ២ប្រកួតមកនេះ Man Utd បានទម្លាក់គូប្រជែងក្នុងលីគ Leicester ដើម្បីឈានទៅកាន់វគ្គ ៨ក្រុមនៃពាន League Cup មុនមកលេងស្មើ ១-១ ទល់នឹងតោខៀវនៅ Premier League មុនពេលអ្នកចាត់ការទូទៅថ្មី លោក Amorim ចូលកាន់តំណែងជាផ្លូវការចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សប្តាហ៍ក្រោយ៕
