ចិនត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំង ជាមួយប្រធានាធិបតីអាម៉េរិកថ្មី

ឋធានីប៉េកាំង៖ នៅពេលប្រជាជនអាម៉េរិក បោះឆ្នោតប្រធានាធិបតីដ៏តឹងតែងបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ បងធំអាស៊ី[ចិន]បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតប្រជែងលើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខរយៈពេលបួនឆ្នាំខាងមុខ មិនថា..នរណាឈ្នះការបោះឆ្នោតនោះទេ។

ក្រុមអ្នកយុទ្ធសាស្ត្រនៅរដ្ឋធានីប៉េកាំង បានអះអាងថា នឹងមានវោហាសាស្ត្រជជែកវែកញែកដេញដោលកាន់តែក្ដៅគគុក និងអាចប៉ះពាល់ដល់ពន្ធប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ឈ្នះឆ្នោត ខណៈអ្នកខ្លះបានអះអាងថា លោក ត្រាំ ត្រូវបានជំរុញដោយការអនុវត្តជាក់ស្តែង និងគោលជំហររឹងត្អឹងលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់។ ដោយឡែក បើនិយាយអំពីបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស រដ្ឋធានីប៉េកាំងរំពឹងថានឹងស្រួលព្យាករទុកមុន និងការបន្តនៃវិធីសាស្ដ្ររបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ដែលផ្តោតលើការសហការជាមួយសម្ព័ន្ធមិត្ត លើបញ្ហាទាក់ទងនឹងការទប់ស្កាត់បច្ចេកវិទ្យាចិន បញ្ហាកោះតៃវ៉ាន់ និងជម្លោះនៅអ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា និងវិវាទសមុទ្ទចិនខាងត្បូងជាដើម។

ក្រុមអ្នកវិភាគបានលើកឡើងថា លទ្ធផលបោះឆ្នោតរបស់ប្រធានាធិបតីអាម៉េរិក ទំនងជាមិនបង្កឱ្យមានការផ្លាស់ប្ដូរនោះទេ ដោយការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយដ៏ធំទូលាយរវាងរដ្ឋធានីប៉េកាំង និងរដ្ឋធានីវ៉ាស៊ីនតោន នឹងបន្តក្ដៅគគុក។ លោក ហេនរី ហ៊ុយយ៉ៅវ៉ាង (Henry Huiyao Wang) មកពីមជ្ឈមណ្ឌលស្រាវជ្រាវអំពីសកលភាវូបនីយកម្មដែលមានមូលដ្ឋាននៅរដ្ឋធានីប៉េកាំង បានលើកឡើកឡើងថា៖«មិនថានរណាជាអ្នកជាប់ឆ្នោតនោះទេ ភាពតានតឹងរវាងចិន-អាម៉េរិក គឺជារឿងពិតមិនអាចបញ្ចៀសបាន។ បេក្ខជនប្រធានាធិបតីទាំងពីរ នឹងបង្ហាញពីបញ្ហាប្រឈម និងគុណវិបត្តិសម្រាប់ប្រទេសចិន[..]»។

ភាពខុសគ្នាដ៏ធំបំផុតទាក់ទងនឹងគោលនយោបាយលើប្រទេសចិន រវាងបេក្ខភាពប្រធានាធិបតីសហរដ្ឋអាម៉េរិកទាំង​២ គឺលម្ហពាណិជ្ជកម្ម ខណៈលោក ត្រាំ បានស្នើឡើងនូវពន្ធលើការនាំចូលរបស់ចិន លើសពី៦០ភាគរយ។ ការគម្រាមកំហែងនោះ តែងធ្វើឱ្យស្មុគស្មាញឧស្សាហកម្មរបស់ចិន ដែលលក់ទំនិញមានតម្លៃជាង៤០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំទៅឱ្យសហរដ្ឋអាម៉េរិក និងរាប់រយពាន់លានដុល្លារបន្ថែមទៀតនៅក្នុងសមាសធាតុសម្រាប់ផលិតផល ដែលជនជាតិអាម៉េរិកទិញពីកន្លែងផ្សេង។ អ្នកផលិតត្រូវបានសម្ភាសដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រំពឹងថា ពន្ធនឹងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយប្រាក់ចំណេញរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់ការងារ ការវិនិយោគ និងកំណើនដែលធ្លាក់ចុះរួចទៅហើយ។

ពួកគេបាននិយាយថា សង្រ្គាមពាណិជ្ជកម្មនឹងបង្កើនថ្លៃដើមផលិតកម្ម និងតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាម៉េរិក បើទោះបីជារោងចក្រត្រូវបានផ្លាស់ប្ដូរទីតាំងក៏ដោយ។ ចំណែក លោកស្រី ហារីស ត្រូវបានគេរំពឹងថា នឹងរក្សាពន្ធលើការនាំចូលរបស់ចិនដែលមានតម្លៃរាប់រយពាន់លានដុល្លារ បន្ទាប់ពីរដ្ឋបាល លោក ចូ បៃឌិន កែសម្រួលលើពន្ធទាំងនោះ ត្រូវបានដាក់ដំបូងដោយលោក ត្រាំ។ គណបក្សប្រជាធិបតេយ្យ បានដំឡើងពន្ធគយលើផលិតផលដែលរងគំរាមកំហែងដោយការផលិតហួសប្រមាណរបស់ចិន រួមទាំងរថយន្តអគ្គិសនីផងដែរ។ ជុំវិញសម្ព័ន្ធភាពនៅអាស៊ីបូព៌ា អ្នកវិភាគចិនលើកឡើងថា ទោះបីជាលោក ត្រាំ មិនទុកចិត្តលើអង្គការណាតូ និងមានភាពស្ទាក់ស្ទើរក្នុងការធ្វើការជាមួយសម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ ក៏បណ្តាញសម្ព័ន្ធភាពដែលបានបង្កើតឡើងនៅអាស៊ីបូព៌ា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទំនងជាបន្តក្នុងករណីលោកទទួលបានជ័យជម្នះ។

លោកស្រី កាម៉ាឡា ហារីស
លោកស្រី កាម៉ាឡា ហារីស

ជាក់ស្តែង សម្ព័ន្ធភាពទាំងនោះរួមមាន៖ សម្ព័ន្ធភាព QUAD របស់ឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាម៉េរិក ភាពជាដៃគូបច្ចេកវិទ្យាការពារជាតិ AUKUS រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក និងបណ្តាញត្រីភាគីរវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តដ៏រឹងមាំជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន។ សម្ព័ន្ធភាពទាំងនេះសុទ្ធតែបង្កើតឡើងដើម្បីទប់ទល់នឹងឥទ្ធិពលចិន។ ស្របពេល លោកស្រី ហារីស បណ្តុះទំនាក់ទំនងនៅក្នុងតំបន់អាស៊ី ជាមួយមេដឹកនាំផ្សេងៗយ៉ាងប្រយ័ត្នប្រយែង ចំពោះការកើនឡើងឥទ្ធិពលរបស់ចិននៅទូទាំងតំបន់៕

You might like